(បាត់ដំបង)៖ អគារសាលសន្និសីទមិត្តភាពបាត់ដំបង-ដាណាង ដែលជាតំណាងប្រទេសវៀតណាម មានតម្លៃ៣០ម៉ឺនដុល្លា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង។

ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមវត្តមានលោក លេង វី, រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក ត្រឹង វ៉ាន់មៀន អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង, និងគណៈប្រតិភូ លោក ឡេ ទន់ខាញ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង, លោក ង្វៀន សឺនថ្វី អតីតអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង, ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាររងកងទ័ពជើងគោក និងជាមេញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្រ្តីរាជការ មន្ទីរ អង្គភាព កងកម្លាំង សិស្សចូលរួមជាច្រើននាក់ផងដែរ។

លោក លេង វី បានរំលឹកថា បើគ្មានរណស្សិរសង្រ្គោះជាតិ និងកងទ័ពស្ម័គ្រចិត្តវៀតណាមបានជួយរំដោះប្រទេសកម្ពុជាចេញពីរបបកកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី៧មករា
១៩៧៩មកទេ យើងក៏គ្មានសុខសន្តិភាព និងការអភិវឌ្ឍដល់ថ្ងៃនេះដែរ។

លោក លេង វី បានផ្តាំផ្ញើទៅមន្រ្តីរាជការនៅក្នុងខេត្តបាត់ដំបងថា បន្ទាប់ពីយើងមានការអភិវឌ្ឍ រីកចម្រើនដល់សព្វថ្ងៃនេះហើយ យើងក៏ត្រូវតែបន្តរក្សាសុខសន្តិភាព ការពារនូវការអភិវឌ្ឍឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង និងរឹតចំណងសាមគ្គីភាពសហប្រតិបត្តិការរវាងក្រុងដាណាង-បាត់ដំបង ឲ្យបានយូរអង្វែងតទៅ។

លោករដ្ឋលេខាធិការ បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ការកំណែទម្រង់លើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល និងវិស័យអប់រំដែលជាអាទិភាពសម្រាប់បម្រើសេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋ និងវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្ស ឲ្យកាន់តែប្រសើឡើង។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្មលើគ្រប់វិស័យមកថ្នាក់ក្រោមជាតិ ពិសេសថ្នាក់ឃុំ សង្កាត់ ដែលមានមូលនិធិ ៧ម៉ឺនដុល្លាក្នុង១ឃុំ សម្រាប់កសាងអភិវឌ្ឍមូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ។

លោកបានថ្លែងអំណរគុណដល់ប្រតិភូក្រុងដាណាង ដែលបានផ្តល់ជំនួយជាថវិកាសាងសង់អគារថ្មីមួយនេះ ដែលជាសមិទ្ធិផលមួយ ក្នុងចំណោមសមិទ្ធិផលផ្សេងទៀតផងដែរ៕