(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដល់មន្រ្តីទាំងអស់ កុំឱ្យយកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជាការលុបដីសមុទ្រនៅខេត្តកោះកុង យកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។

ការលេីកឡេីងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វេីឡេីង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងពិធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមសមាជិកសមាជិកា ចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រគណមហាជន ដែលបានចូលរួមសម្រេចបាននូវជោគជ័យធំៗជាច្រើនសម្រាប់ជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលេី Facebook យ៉ាងដូច្នេះថា «ច្បាស់ណាស់ គឺគ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតប្រជាពលរដ្ឋ ហើយខិតខំពង្រឹងនូវសាមគ្គីភាព និងប្រមូលនូវគ្រប់ធនធានទាំងឡាយដើម្បីជំរុញការកសាង អភិវឌ្ឍន៍ និងការពាមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះ គឺយើងត្រូវបន្តចូលរួមថែរក្សាការពារសន្តិភាព និង ស្ថិរភាពនយោបាយសង្គម អោយបានរឹងមាំដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ដោយសារគណបក្សមានមាគ៌ាដឹកនាំត្រឹមត្រូវ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋ មកទល់ពេលនេះគឺមានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងនោះក៏មានការចូលរួមពីសមាជិកគណបក្សនយោបាយនានាផងដែរ ដែលធ្វើឱ្យគណបក្សប្រជាជនកាន់តែរឹងមាំ និងបន្តឈ្នះឆ្នោត និងកាន់តែរីកធំធាត់ទៅមុខជានិច្ច។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដល់មន្រ្តីគណបក្ស ជាពិសេសមន្រ្តីដែលមានតួនាទីដែលកំពុងបម្រើរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈក្នុងនោះគឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួលយកនូវសំណូមពរនានាពី ប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿ និងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានជូនពរដល់មន្រ្តីថ្នាក់ដឹកនាំ នៃគណបក្សទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗជាបន្តទៀតក្នុងបេសកម្មដឹកនាំបម្រើប្រទេសជាតិ និងបម្រើប្រជាពលរដ្ឋឲ្យទទួលបានូវផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀតនៅក្រោមអាណត្តិនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕