(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឡុង ជៀប បានធ្វើសេចក្តីសន្និដ្ឋានបទចោទរួចហើយ និងបានបញ្ជូនសំុរឿងនិងជនត្រូវចោទ ទៅទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអង្គភាព Fresh News ដឹងនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

មន្ត្រីតុលាការបានបញ្ជាក់ទៀតថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើឈ្មោះ សួម សាវី ពីបទឆបោក ហើយសំណុំរឿងនេះ កំពុងស្ដិតក្នងចំណាត់ចៅក្រមសើបសួរ លោកស្រី ស៊ លីនណា។

សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ សួម សាវី នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចនគបាលការិយាល័យ ព្រហ្នទណ្ឌនៃស្នងការនគបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរនិងចោទប្រកាន់តាមច្បាប់។

ការបញ្ជូនខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានតាមចាប់ខ្លួនបុរសម្នាក់ឈ្មោះ សួម សាវី ពីបទឆបោកជនរងគ្រោះម្នាក់ ខណៈមានព័ត៌មានថា មានការអន្តរាគមន៍ ចង់រត់ការដោះលែងជនឆបោករូបនេះផងដែរ។

ហើយការចាប់ខ្លូនបុគ្គលឆបោករូបនេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីសាកសួរចម្លើយពីដំណើររឿង «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ តាមបណ្តឹងរបស់ឈ្មោះ អ៉ឹម លី ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។

ជនឆបោករូបនេះឈ្មោះ សួម សាវី មាន អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ២៧ ផ្លូវលេខ២ បុរីភ្នំពេញថ្មី ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយមានការចាប់ខ្លួនបុគ្គលឆបោករូបនេះ កំពុងតែមានការអន្តរាគមន៍ខ្វែងខ្វាត់ ចង់រត់ការដោះលែងផងដែរ។

នៅពេលនេះ ជនសង្ស័យត្រូវបាន លោកស្រី ស៊ លីនណា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តចំណាត់ការតាមនីតិវិធី៕