(កំពត)៖ លោក ថាញ់ សារី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីថ្មីខេត្តកំពតថ្មី នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ជំនួសលោក យិន វុឌ្ឍ ត្រូវផ្លាស់ទៅបម្រើការងារនៅក្រសួងវិញ។

ក្នុងពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងក្រោមវត្តមានលោក ឆាន់ សាផាន់ រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់, លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងចូលរួមពីលោក-លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត, ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត, មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អភិបាលក្រុង ស្រុក ព្រមទាំងលោកមេឃុំ ចៅសង្កាត់ទាំង៩៣។

លោក ដាញ់ សារី ដែលទើបទទួលការតែងតាំងថ្មី បានបញ្ជាក់ថា លោកនឹងប្តេជ្ញាចិត្តដឹកនាំស្ថានប័នមួយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អសហការជាមួយជំនាញនានា និងអាជ្ញាធរខេត្ត ដើម្បីចូលរួមបម្រើសេវាឲ្យបានលឿន រហ័សទាន់ចិត្តជូនប្រជាពលរដ្ឋផងដែរ។

លោក ជាវ តាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្តកំពត ដែលរយៈពេលកន្លងមក បានរួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្របខណ្ឌយុទ្ធសាស្ត្រនៃគោលនយោបាយដីធ្លី ឲ្យបានសម្រេច និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

លោក ឆាន់ សាផាន់ បានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្ដូរមុខតំណែងមន្ត្រីរាជការសាធារណៈ ជាការងារធម្មតាធ្វើឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឲ្យមានកំណែទម្រង់ ក្នុងប្រព័ន្ធការងារឲ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវបន្តអនុវត្តការងារដែលនៅសេសសល់ឲ្យបានចប់សព្វគ្រប់តាមផែន នឹងបន្តការយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពថែមទៀត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីភារកិច្ច ព្រមទាំងពង្រឹងការអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្ត។

លោកបន្ថែមថា ពិសេសពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ក្នុងមន្ទីរឲ្យបានល្អ ពោលគឺសំដៅលុបបំបាត់ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារ លើការផ្ដល់សេវា ជូនប្រជាពលរដ្ឋដែលមករកសេវាពីមន្ទីរ ជាមួយគ្នានោះត្រូវរៀបចំនីតិវិធី ក្នុងការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនៈវត្ថុ ជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឲ្យសម្រេចតាមផែនការ។

ពាក់ព័ន្ធវិស័យសំណង់ត្រូវចាត់មន្ត្រីចុះពិនិត្យគុណភាពសំណង់ ជំរុញដល់បងប្អូនប្រជាពលរដ្ឋស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងារមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ជូនរាជរដ្ឋាភិបាល ក៏ដូចក្រសួង និងរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រកប ដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ៕