(ភ្នំពេញ)៖ ចាប់ពីពេលនេះទៅ អតិថិជនអាចទូទាត់វិក្កយបត្រទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមកម្មវិធីទូរស័ព្ទដៃរបស់ធនគារ ជីប ម៉ុង ខមមើលសល ប៊ែង បានយ៉ាងងាយស្រួល បន្ទាប់ពីធនាគារនេះ បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ថ្លែងថា កិច្ចសហការរវាងធនាគារ ជីប ម៉ុង និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងជួយពង្រីកវិសាលភាព និងបង្កើតជម្រើសបន្ថែមសម្រាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជនទាំងអស់ ក្នុងការទូទាត់វិក្កយបត្រទឹកតាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ ជីប ម៉ុង។

ជាមួយគ្នានេះ បណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជឿជាក់ថា ការចាប់ដៃគូសហការណ៍ជាមួយនឹងធនាគារ ជីប ម៉ុង នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមមាញឹកក្នុងការបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ។

ជាមួយនឹងការប្រើប្រាស់កម្មវិធីទូរសព្ទរបស់ធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋអាចទូទាត់ថ្លៃទឹកបានដោយងាយស្រួល ហើយចំណេញពេលវេលា និងមិនចាំបាច់បង់ថ្លៃសេវាបន្ថែមក្នុងការទូទាត់ទៀតផង។

គួរបញ្ជាក់ថា ដើម្បីទូទាត់វិក្កយបត្រទឹកតាមទូរតាមទូរសព្ទដៃដោយឥតគិតថ្លៃសេវា គេគ្រាន់តែបង្កើតគណនីធនគារ ជីប ម៉ុង ខមមើសល ប៊ែង និងទាញយកកម្មវិធី Bank! Bank! របស់ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងអាចប្រើប្រាស់បានភ្លាមៗតែម្តង៕