(កោះកុង)៖ ក្រោយបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះការទប់ស្កាត់ចាក់ដីចូលសមុទ្រ និងដែលបានកើតឡើងថ្មីៗ នៅក្នុងខេត្ដកោះកុងនោះ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ត និងមន្ដ្រីមកពីក្រសួងរៀបចំដែនដី ព្រមទាំងមន្ដ្រីតុលាការផងនោះ បានចុះទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលចាក់ដីលុបសមុទ្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ធ្វើឡើងដោយឧត្តមសេនីយ៍ទោផ្កាយ២ម្នាក់។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃនេះ អាជ្ញាធរខេត្ដ និងមន្ដ្រីរបស់ក្រសួងរៀបចំដែនដី ព្រមទាំងមន្ដ្រីតុលាការផងនោះ បានចុះទៅដល់ទីតាំងដែលមានការបូមខ្សាច់លុបសមុទ្រ ដើម្បីចាត់វិធានការតាមនីតិវិធី។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ព័ត៌មានដែលទទួលបានការចាក់ដីលុបសមុទ្រ ពីសំណាក់មន្ដ្រីយោធានោះ មានប្រវែង៣ គុណ ៤៣ម៉ែត្រ។

តាមព័ត៌មាននានា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោកឧត្តមសេនីយ៍ទោ ទុន ឌៀត មានតួនាទីជានាយករងទីចាត់ការទំនាក់ទំនងការងារព្រំដែន នៃអគ្គបញ្ជាការ គឺជាអ្នកបូមខ្សាច់លុបសមុទ្រដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។

ករណីនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានចុះទៅដល់ទីតាំងជាក់ស្ដែង និងធ្វើការស្រាវជ្រាវរហូតឃើញថា ឧត្តមសេនីយ៍ពាក់ផ្កាយពីរ ជានាយទាហានជាន់ខ្ពស់រូបនេះ ពិតជាបានលុបខ្សាច់លុបសមុទ្រប្រាកដមែន។

ថ្លែងចេញពិធីបើកបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ នៅក្នុងខេត្តកំពត នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង ដើម្បីទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិ។

សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាយ៉ាងដូច្នេះថា៖ «ខ្ញុំហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុង ក៏នៅបន្តមានការចាក់ដីចូលទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់តើវាមានពិតទេ ហាក់ដូចជាមាននាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ»។

ពាក់ព័ន្ធនឹងការចាក់ដីទន្ទ្រានចូលចូលក្នុងសមុទ្រនេះដែរ សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ សម្តេចមិនអនុញ្ញាតនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ។ ប្រសិនបើទុកឱ្យនាយទាហានទាំងនោះធ្វើរឿងយ៉ាងដូច្នេះ មានន័យថា ពួកអ្នកទាំងនោះនឹងក្លាយជាអ្នកកសាងរដ្ឋ នៅរដ្ឋហើយ ព្រោះពួកគេមិនគោរពច្បាប់ ដូច្នេះ គឺមិនអនុញ្ញាតឱ្យមាននោះទេ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

កាលពីព្រឹកមិញតាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានជាថ្មី ដល់មន្រ្តីទាំងអស់ កុំឱ្យយកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជា ការលុបដីសមុទ្រនៅខេត្តកោះកុង យកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងពិធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ៕