(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោក-លោកស្រី អភិបាល អភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភំ្នពេញ មេបញ្ជាការរងកងរាជអាវុធហត្ថ រាជធានីភំ្នពេញ ព្រះរាជអាជ្ញា មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ ក្នុងរាជធានីភ្នំពេញ និងជាពិសេស កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈជូន បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានី ក្នុងឱកាសបុណ្យចូលឆ្នាំសាកល ដែលនឹងឈានចូលមកដល់ ពេលដ៏ខ្លីខាងមុខនេះ។

លោក ឃួង ស្រេង បានលើកឡើងថា បុណ្យគ្រីសស្មាស និងបុណ្យសាកល នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើ ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ បានសប្បាយនៅក្នុងពិធីបុណ្យខាងលើនេះ។

លោក ឃួង ស្រេង បានលើកឡើងថា «អីចឹងអ្វីដែលយើងត្រូវធ្វើនោះ គឺការរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ជាមួយនិងការសម្រួលបញ្ចៀស ការកកស្ទះចរាចរណ៍ ខណៈដែលប្រជាពលរដ្ឋ នឹងចូលរួមសប្បាយរីករាយ ក្នុងពិធីបុណ្យនេះ»។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាបទៅលើគ្រឿងញៀន ជាបញ្ហាដ៏ធំ ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន។

លោកបញ្ជាក់ថា ល្បែងស៊ីសងជាដើមចម បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលយើងត្រូវរួមគ្នាដើម្បីបង្ក្រាប ដូចជាល្បែង ជល់មាន់តាមអនឡាញ ល្បែងជល់មាន់និងកន្លែង និងល្បែងស៊ីសងច្រើនប្រភេទទៀត ហើយការងារនេះ ឃើញថា អភិបាលខណ្ឌ ក៏បានដឹកនាំដើម្បីបង្ក្រាបបាន ជាច្រើនករណីផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យល្បែងស៊ីសង មានការថមថយនឹងឈាន ទៅដល់ការលុបបំបាត់ទាំងស្រុង។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនវិញ លោកបានបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកានេះ យើងបង្ក្រាបករណីគ្រឿងញៀន បានចំនួន១៨៧ករណី ឃាត់ខ្លួនជនសង្ស័យបាន៣៣៩នាក់ បើប្រៀបធៀបទៅនឹងខែតុលា កើនឡើង៤ ករណី។ ករណីគ្រឿងញៀននេះដែរ ពោលគឺក្រោយបើកយុទ្ធនាការបង្ក្រាប ទៅលើទីតាំងក្លឹបកំសាន្តធំៗមួយចំនួនមក ឃើញថា មានភាពធូស្រាលបន្តិច។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក ស ថេត នៅតែបញ្ជាក់ថា ទីតាំងធំៗមួយចំនួននោះ មិនប្រាកដថា មិនមានការធ្វើចរាចរគ្រឿងញៀននោះទេ។ ដោយសារតែពេលនេះ តាមក្លិបធំៗមួយចំនួនណានោះ គឺពួកគេធ្វើសកម្មភាព ហាក់មានភាពវៃឆ្លាតជាងមុន ដែលធ្វើឲ្យយើងពិបាកក្នុងការរកវត្ថុតាង ដើម្បីបង្ក្រាបទៅលើក្លឹបកម្សាន្តធំៗទាំងនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនៅតែខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ការបង្ក្រាបគ្រឿងញៀននេះ ឲ្យមានប្រសិទ្ធភាព។

លោកស្នងការ បានបញ្ជាក់ទៀតថា តំបន់បឹងកក់ផ្លូវ R៦ ឃើញថា បាននិងកំពុងតែធ្វើសកម្មភាពយ៉ាងសកម្ម ទៅលើការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយពួកគេធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្ម បើទោះបី យើងបានបង្ក្រាបជាញឹកញាប់ក្តី។ បញ្ហានេះ បើយើងមិនមានវិធានការឲ្យបានខ្លាំងទេ តំបន់បឹងកក់ R៦ នេះ អាចនឹងក្លាយជាតំបន់ដូចទៅនឹងតំបន់ត្រពាំងឈូក មុខមន្ទីរពេទ្យលោកសង្ឃអញ្ចឹងដែរ។ បញ្ហានេះ យើងគួតែមានវិធានការ ឲ្យបានក្តៅបំផុតដើម្បីធ្វើយ៉ាងណា កុំឲ្យទីតាំងនេះ មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបន្តទៀត។

លោក ស ថេត ក៏បានបញ្ជាក់ផងដែរថា បើគិតនៅទូទាំងប្រទេស ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បើប្រៀបធៀបទៅនិងបទល្មើសផ្សេងៗ ឃើញថា បទល្មើសនេះ កើនលើសគេរហូតដល់៥០%៕