(ព្រះសីហនុ)៖ បុរសជនជាតិចិន ២នាក់ បានចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះមួយកន្លែង ក៏ត្រូវបានបាញ់ប្រហារដោយម្ចាស់ផ្ទះ បណ្តាលឲ្យម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

ជនជាតិចិនទាំងពីរ បានចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីកាលពីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីជនជាតិចិន២នាក់ចូលទៅគាស់ទូរដែកបម្រុងយកប្រាក់ ហើយក្នុងពេលជនសង្ស័យ កំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះដែលជាមន្ត្រីនគរបាលព្រំដែនទឹក ចូលទៅទាន់។

ខណៈនោះ ក្រុមជនសង្ស័យបានប្រើដែកគាស់២ដើម វាយទៅលើជនរងគ្រោះ ប៉ុន្តែភ្លាមនោះម្ចាស់ផ្ទះជាមន្ត្រីនគរបាលព្រំដែនទឹក ដែលមានអាវុធក្នុងដៃ បានផ្ទុះអាវុធជាច្រើនគ្រាប់បាញ់ ទៅលើក្រុមជនសង្ស័យក្រោមហេតុផលថាការពារខ្លួន បណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក)។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនជើងទឹក។ បច្ចុប្បន្ននេះ សមត្ថកិច្ចនៅមិនទាន់ស្គាល់សាវតាជនជាតិចិនទាំង២នាក់ នៅឡើយ និងកំពុងតែធ្វើការស្រាវជ្រាវបន្តរតាមនីតិវិធី៕