(ព្រះសីហនុ)៖ ប្រធានសមាគមទូកដឹកទេសចរណ៍សមុទ្រខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា នៅសប្តាហ៍ទី៤ ចុងខែធ្នូ ឆ្នាំ២០១៩នេះ សមុទ្រស្ងប់ខ្យល់គ្មាន រលកបង្កលក្ខណៈងាយស្រួល ដល់ចរាចរណ៍តាមផ្លូវសមុទ្រ ពិសេសការធ្វើដំណើរទៅលេងកោះ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកដឹកទេសចរណ៍សមុទ្រ ថ្លែងដោយរំពឹងទុកថា ជាមួយនឹងធាតុអាកាសល្អ នាពិធីបុណ្យឆ្លងឆ្នាំសកលនេះ ចំនួនភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ នឹងមានការកើនឡើងទ្វេដង លេងកម្សាន្តនៅខេត្តព្រះសីហនុ។

មន្ត្រីនគរបាលទេសចរណ៍ ដែលប្រចាំការនៅតាមកំពង់ផែទេសចរណ៍ក្នុងខេត្តព្រះសីហនុ ថ្លែងប្រាប់ដែរថា ប៉ុន្មានថ្ងៃនេះ ជាទូទៅនៅលើផ្ទៃសមុទ្រ មិនមានខ្យល់ ឬរលកខ្លាំងដូចកាលពីដើមខែធ្នូ កន្លងទៅនោះទេ ហើយស្ថានភាពនេះបើបន្តរហូតដល់ថ្ងៃឆ្លងឆ្នាំសកល គឺពិតជាអំណោយផលដល់អ្នកទេសចរណ៍ ដែលធ្វើដំណើរតាមទូក ឬអូបរ័ទៅលេងកោះ ដោយមិនព្រួយបារម្ភ៕