(ភ្នំពេញ)៖ វេជ្ជបណ្ឌិតជំនាញណែនាំឱសថថ្មីមួយ ឈ្មោះថា Toujeo ដែលជាប្រភេទ អាំងស៊ុយលីន អាណាឡូកបាសាល់ជំនាន់ថ្មី ដែលអាចគ្រប់គ្រងបញ្ចុះជាតិស្ករ ក្នុងឈាមបានល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ប្រភេទទី១ និង២។

ឱសថថ្មី Toujeo (អាំងស៊ុយលីនក្លាជីន៣០០ឯកតា ក្នុង១មីលីលីត្រ) បានដាក់សម្ពោធជាផ្លូវការ ដោយក្រុមហ៊ុន អាលីយ៉ង់ហ្វាម៉ាកាំបូដ សហការជាមួយក្រុមហ៊ុន សាណូហ្វី នាពេលថ្មីៗនេះ។

លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានកិច្ចការវេជ្ជសាស្ត្រ និងបទបញ្ញត្តិរបស់ក្រុមហ៊ុន អាលីយ៉ង់ហ្វាម៉ាកាំបូដ បានថ្លែងថា «អាំងស៊ុយលីនបាសាល់ គឺជាជម្រើសដ៏ល្អ និងងាយស្រួលបំផុត សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលត្រូវចាប់ផ្តើម ព្យាបាលដោយអាំងស៊ុយលីន។ ដោយសារ Toujeo ជាអាំងស៊ុយលីនបាសាល់ ដែលមានសកម្មភាពយូរ លើសពី២៤ម៉ោង អាចបំពេញនូវតម្រូវការ របស់អ្នកជំងឺដែលអាចបញ្ចុះជាតិស្ករ ក្នុងឈាមបានពេញមួយថ្ងៃ»

លោកវេជ្ជបណ្ឌិតបន្ដថា ការចុះទាបជាតិស្ករក្នុងឈាមជ្រុល គឺជាកង្វល់ដ៏ចម្បង ក្នុងចំណោមអ្នកប្រើអាំងស៊ុយលីន។ ប៉ុន្តែ Toujeo ត្រូវបានបង្ហាញថា មានប្រសិទ្ធភាពបញ្ចុះជាតិស្ករ ក្នុងឈាមបានល្អ ព្រមទាំងកាត់បន្ថយ ហានិភ័យ នៃការចុះទាបជាតិស្ករ ក្នុងឈាមជ្រុលទាំងពេលយប់ និងពេលថ្ងៃ។ ដូចនេះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជា ដោយទំនុកចិត្តនូវអាំងស៊ុយលីនជំនាន់ថ្មីនេះ ដល់អ្នកជំងឺរបស់គាត់ ដើម្បីទទួលបាន នូវបទពិសោធន៍ផ្ទាល់។

Toujeo ត្រូវបានអនុម័ត និងដាក់សម្ពោធដំបូងគេ នៅឆ្នាំ២០១៥ នៅប្រទេសអាមេរិក និងដាក់សម្ពោធជាបន្តបន្ទាប់ នៅពាសពេញពិភពលោក។ Toujeo ត្រូវបានផលិតឡើង ក្នុងទម្រង់ជាប៊ិចសូឡូស្តា ដែលមានការរចនាម៉ូតឡើងវិញ មានភាពសាមញ្ញ និងងាយស្រួលប្រើ (Toujeo SoloStar៖ ៤៥០ឯកតា ក្នុង១ដើម ប្រៀបធៀបនឹង Lantus SoloStar៖ ៣០០ឯកតា ក្នុង១ដើម)។

លោកសាស្ត្រាចារ្យ មហាបរិញ្ញាវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា បានថ្លែងថា «ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ប្រជាជនខ្មែរ ប្រហែល២៤៦,២០០នាក់ នៅឆ្នាំ២០១៧ ហើយចំនួននៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ»

លោកសាស្ត្រាចារ្យ បន្ដថា «ជំងឺនេះ ប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតរស់នៅប្រចាំថ្ងៃ របស់បុគ្គលម្នាក់ៗ ដូចនេះភាពងាយស្រួល ក្នុងការព្យាបាលពិតជាសំខាន់ណាស់ និងមិនគួរមើលរំលង ពីព្រោះវាអាចជួយអ្នកជំងឺ ឲ្យគ្រប់គ្រងស្ថានភាពជំងឺ របស់គាត់បានល្អ។ ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម នៅតែសំខាន់ និងជម្រើសដំបូង សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២»

ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា រូបនេះ បានបន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលណាមួយ អ្នកជំងឺទឹកនោមផ្អែមជាច្រើន នឹងជួបបញ្ហាដែលថ្នាំគ្រាប់ទាំងនេះ មិនគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយគាត់នឹងត្រូវការប្រើបន្ថែម អាំងស៊ុយលីន ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់គាត់៕