(ភ្នំពេញ)៖ លោក ខេមរៈ ប៊ុនណា អ្នកអភិរក្សអក្សរខ្មែរ នៅតែខិតខំប្រឹងប្រែងទទូច សុំឲ្យពលរដ្ឋខ្មែរងាកមកប្រើប្រាស់អក្សរសាស្រ្ដជាតិ ក៏ដូចជារួមគ្នាថែរក្សាសម្បត្តិវប្បធម៌ របស់ជាតិខ្មែរឲ្យបានគង់វង្ស។

ក្នុងនោះលោកបានខិតខំប្រឹងប្រែងពន្យល់ក្មេងៗ និងសាធារណជនមួយចំនួន ដែលនិយមប្រើប្រាស់អក្សរអង់គ្លេសសំនៀងខ្មែរ ឲ្យងាកមកប្រើចំតួអក្សរសាស្រ្ដខ្មែរវិញ។

លោកបានបង្ហាញពី ការសោកស្ដាយ ចំពោះបងប្អូនសិស្សមួយចំនួន ពិសេសក្មេងៗជំនាន់ក្រោយ សូមយកចិត្តទុកដាក់ចំពោះអក្សរសាស្រ្ដជាតិខ្លួនឯង ព្រោះ បើអ្នកទាំងអស់គ្នាមិនយកចិត្តទុកដាក់ និងចូលរួមលើកស្ទួយនូវវប្បធម៌ខ្លួនឯងទេ អក្សរសាស្រ្តមិនយូរមិនឆាប់ទេ វានឹងបាត់បង់គ្រប់យ៉ាង។

លោក ខេមរៈ ប៊ុនណា ក៏ធ្លាប់លើកឡើងថា ការប្រើប្រាស់អក្សរអង់គ្លេសសំនៀងខ្មែរនេះ ត្រូវបានក្រុមអ្នកអភិរក្សអក្សរសាស្រ្ដជាតិ លោក ខេមរៈ ប៊ុនណា បានបង្ហាញក្ដីព្រួយបារម្ភជាពិសេសចំពោះកុមារ ព្រោះការប្រើប្រាស់អក្សរអង់គ្លេសសំនៀងខ្មែរនេះ បានហូរចូលដល់កុមារតាមរយៈបណ្ដាញសង្គមទំនាក់ទំនង ខណៈបច្ចុប្បន្នមានការប្រើប្រាស់យ៉ាងទូលំទូលាយ។

លោក ខេមរៈ ប៊ុនណា បានថ្លែងឲ្យដឹងថា «ការប្រើប្រាស់អក្សរអង់គ្លេសសំនៀងខ្មែរនេះ ពិតជាមានផលប៉ះពាល់ខ្លាំងមែនទែន សម្រាប់កុមារ និងយុវជន-យុវតី ព្រោះបានធ្វើឲ្យកុមារ មានអត្រាខ្ពស់ ក្នុងការសរសេរអក្សរជាតិខុស ហើយកត្តាសំខាន់មួយទៀតនោះ ប្រសិនបើនៅតែបន្ដប្រើប្រាស់ អក្សរអង់គ្លេសសំនៀងខ្មែរនេះ នៅថ្ងៃណាមួយអក្សរជាតិ នឹងបាត់បង់ជាក់ជាពុំខាន»

លោកបន្ដថា ក្រុមអ្នកអភិរក្សអក្សរសាស្រ្ដជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យកូនខ្មែរបញ្ឈប់ ការសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរ, ហើយព្យាយាមសរសេរអក្សរសាស្រ្ដជាតិឡើងវិញ នៅក្នុងបណ្ដាញសង្គម។ ប៉ុន្ដែប្រសិនបើពួកគាត់ចង់សរសេរជាភាសាអង់គ្លេស អាចសរសេរជាភាសាអង់គ្លេសតែម្ដង តែសូមកុំប្រើអក្សរអង់គ្លេសសរសេរជាសំនៀងភាសាខ្មែរ។

លោកបន្ថែមថា អក្សរសាស្រ្ដជាតិ កំពុងតែមានកត្តាហានីភ័យជាខ្លាំង ជាពិសេសសម្រាប់កុមារតែម្ដងជាក់ស្ដែងកុមារមួយចំនួន មិនអាចសរសេរអក្សរសាស្រ្ដជាតិ បានត្រឹមត្រូវនោះឡើយ។

លោក ខេមរៈ ប៊ុនណា បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធទាំងអស់ សូមជួយត្រួតពិនិត្យ និងកែសម្រួលលើបញ្ហាខាងលើនេះ។ ក្រៅពីនោះក្រុមអភិរក្សអក្សរសាស្រ្ដជាតិ នឹងប ន្តចុះផ្សព្វផ្សាយ ដល់បងប្អូនតាមមូលដ្ឋាន និងសហគមន៍ពិសេសលើបណ្ដាញសង្គមនេះតែម្ដង៕