(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ PWG-RWSSH តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបូកសរុបលទ្ធផលត្រីមាសទី៤ ឆ្នាំ២០១៩ និងលើកទិសដៅត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមការងារ (PWG-RWSSH)។

ពិធីនេះ មានការចូលរួមពីលោកបណ្ឌិតប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ តំណាងនាយកដ្ឋាននៃក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីអភិបាលរងស្រុក ក្រុង លោក លោកស្រី តំណាងអង្គការដែគូអភិវឌ្ឍន៍នានា សរុបអ្នកចូលរួមចំនួន ៤៤នាក់ ស្រី១០នាក់។

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថាកិច្ចប្រជុំថ្ងៃនេះ ប្រព្រឹត្តទៅក្រោមគោលបំណងសំខាន់ៗចំនួន៤ធំ សម្រាប់បន្តឱ្យបាន ODF ១០០ភាគរយរួមមាន៖

* ទី១៖ ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ត្រីមាសទី៤ ឆ្នាំ២០១៩ និងលើកទិសដៅបន្ត ដែលបានអនុវត្តដោយរដ្ឋបាលក្រុង ស្រុក អង្គការដៃគូ និងមន្ទីរពាក់ព័ន្ធ។

* ទី២៖ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង រវាងមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលក្រុង ស្រុក និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។

* ទី៣៖ ពិភាក្សាកំណត់យន្តការ ធ្វើផែនការសកម្មភាព សម្រាប់អនុវត្តន៍នូវត្រីមាសទី១ ឆ្នាំ២០២០ របស់ក្រុមការងារ PWG-RWSSH និង DWG-RWSSH។

និងទី៤៖ កំណត់ចំនួនភូមិ និងឃុំដែលនឹងសម្រេចបាន ODF ១០០ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២០៕