(កណ្ដាល)៖ លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ដើម្បីស្វែងរកចំណុចអវិជ្ជមាន អភិបាលកិច្ចល្អក្នុងរង្វង់ការងារថ្នាក់ខេត្ត ត្រូវបានប្រជុំស្រាវជ្រាវរកកំហុសឆ្គង ដើម្បីស្ថាបនាឱ្យបានល្អប្រសើរឡើង ក្នុងជួររដ្ឋបាលខេត្តកណ្ដាល ពីក្រោមដល់លើក្នុងន័យកែលម្អបញ្ហាឱ្យក្លាយ ជាដំណោះស្រាយឆ្ពោះទៅកាន់ការអភិវឌ្ឈន៍ប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឱកាសនោះដែរលោក ឌុច សុវណ្ណារី បានថ្លែងថា បន្ទាប់ពីបញ្ចប់ការងារក្នុងការចុះធ្វើអធិការកិច្ចរួចស្ថាប័នទាំងអស់នឹងទទួលបាន នូវបទពិសោធន៍ថ្មីៗ ក្នុងការកែលម្អស្ថាប័ន ធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព ស្ថាប័នកាន់តែរឹងមាំ ជាពិសេសនឹងចូលរួមកាត់បន្ថយ ហើយឈានទៅលុបបំបាត់បានទាំងស្រុងនូវរាល់កំហុសផ្សេងៗ ក្នុងការអនុវត្តការងារ នៅពេលក្រោយទៀតផងដែរ។

ជាការឆ្លើយតបលោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងនូវការគាំទ្រ និងយល់ព្រមសហការយ៉ាងពេញទំហឹង ជាមួយគណៈប្រតិភូ នៃក្រុមការងារចុះធ្វើអធិការកិច្ចរបស់ក្រសួង ដោយឯកឧត្តមបានលើកឡើងថា ជាធម្មតានៅក្នុងស្ថាប័ន ឬតាមផ្នែកជំនាញនីមួយៗ តែងតែមានកំហុសជៀសមិនផុតឡើយ នៅក្នុងការអនុវត្តការងាររបស់ខ្លួន។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំណុចខ្វះខាត ឬកំហុសឆ្គងទាំងអស់នោះហើយដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នា ធ្វើការស្រាវជ្រាវរកឱ្យឃើញ ដើម្បីចាត់វិធានការកែលម្អឡើងវិញជាបន្ទាន់ ដើម្បីធ្វើឱ្យការងារនោះដំណើរការបានកាន់តែល្អ បញ្ជៀសនូវវិបត្តិ និងទំនាស់ផ្សេងៗ នៅក្នុងស្ថាប័ន ដើម្បីធ្វើឱ្យស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក កាន់តែមានសមត្ថភាពខ្លាំងក្លារឹងមាំ ក្នុងការបម្រើផលប្រយោជន៍ប្រជាជន និងអភិវឌ្ឍប្រទេសជាតិ ដែលជាបំណងប្រាថ្នា របស់រាជរដ្ឋាភិបាល ។

សូមជម្រាបផងដែរថា ក្នុងការចុះធ្វើអធិការកិច្ចនេះ ក្រុមការងារបានធ្វើអធិការកិច្ចលើការងារគ្រប់គ្រងរដ្ឋបាល ការងារគ្រប់គ្រងហិរញ្ញវត្ថុ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងកាលបរិច្ឆេទ ឆ្នាំ២០១៨ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅគ្រប់ស្ថាប័ន មន្ទីរ អង្គភាពទូទៅក្នុងខេត្តកណ្ដាល៕