(ភ្នំពេញ)៖ ការងារមនុស្សធម៌ ត្រូវបានយកចិត្តទុកដាក់ពីម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ! CTLV ដែលមានអតីតតារាសម្តែង លោក យុត្ថារា ឆានី ម្ចាស់គម្រោងផ្ទាល់ ដោយក្នុងនោះមានកុមារកំព្រាជាង១០០នាក់ គ្រួសារកុមារកំព្រាឈូករ័ត្ន រស់នៅភូមិគោគខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ទទួលបានសម្ភារសិក្សា រួមនឹងអំណោយមួយចំនួន ដើម្បីជាការផ្តត់ផ្គង់ក្នុងការសិក្សារបស់ប្អូនៗទាំងអស់នោះ។

ពិធីប្រគល់សម្ភារសិក្សា និងអំណោយមួយចំនួន រៀបចំដោយម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV មានការចូលរួមពី លោក យុត្ថារា ឆានី ដែលជាអតីតតារាសម្តែងល្បីឈ្មោះម្នាក់នៅក្នុងវិថីសិល្បៈ រួមនឹងថ្នាក់ដឹកនាំ បុគ្គលិកនៃក្រុមហ៊ុន CTLV។ ជាមួយគ្នានោះដែរ ក្រុមការងារទាំងអស់រួម និងកុមារប្រមាណជាង១០០នាក់ ក៏បានទទួលទានអាហារសាមគ្គីរួមគ្នា ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលចំពោះពួកគាត់។

នាឱកាសនោះ លោក សាន វណ្ណេត ប្រធានប្រតិបត្តិគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV បានឲ្យដឹងថា ពិធីចែកជាសម្ភារសិក្សា និងអំណោយមួយចំនួននេះ ធ្វើឡើងដើម្បីជួយដល់សម្រាលទុក្ខលំបាកមួយកម្រិត សម្រាប់ប្អូនៗជាក្មេងកំព្រាដែលរស់នៅក្នុងគ្រួសារកុមារកំព្រាឈូករ័ត្ន ភូមិគោគខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយទាំងអស់នេះហើយ ក៏បានជម្រុញឲ្យពួកគាត់ កាន់តែមានការខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតផងដែរ។

លោកបន្ថែមថា នេះជាលើកទី១៧មកហើយ ដែលម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV ដែលមានលោក យុត្ថារា ឆានី ជាម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ ក៏បានចូលរួមការងារមនុស្សធម៌បែបនេះជាច្រើនលើកមកហើយ ដោយក្នុងនោះក៏បានយកប្រាក់ចំណេញ របស់ក្រុមហ៊ុនមួយចំនួន ទៅជួយដល់កុមារកំព្រា និងក្រីក្រមួយជាច្រើននាក់ ដែលរស់នៅតាមទីតំបន់ដាច់ស្រយ៉ាលមួយចំនួន ផ្សេងទៀត។

លោកបញ្ជាក់បន្ថែមទៀតថា ការងារមនុស្សធម៌នេះ ត្រូវបានធ្វើឡើងរយៈពេល៣ឆ្នាំមកហើយ ពីគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វណ្ណេត សុវណ្ណភូមិ CTLV ដែលបានប្រារព្ធឡើង។

សូមជម្រាបជូនថា ការងារមនុស្សធម៌ត្រូវបានយកចិត្តទុកដាក់បំផុតពីបណ្តារាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលជួបប្រទះនាពេលសព្វថ្ងៃនេះ និងជាពិសេសបានធ្វើឲ្យកុមារ បានទទួលយកក្តីស្រឡាញ់ពីសប្បុរសជន ដែលបានធ្វើការងារមនុស្សធម៌នេះផងដែរ៕