(ស្វាយរៀង)៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារ ជូនប្រជាពលរដ្ឋមន្ត្រី សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំក្រុមការងារបន្តចុះពិនិត្យមុខទំនិញជាច្រើនមុខ នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដែលដាក់តាំងលក់ នៅក្នុងផ្សារមួយនេះ។

មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ឲ្យដឹងថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ ជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិតរបស់មនុស្ស។

ក្រោយធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងផ្សារប្រសូត្រនេះ បានរកឃើញទំនិញខូចគុណភាពក្នុងនោះមានប័រ ទឹកកាពិក និងទឹកតៅហ៊ួសរុប ៨០កំប៉ុង យកទៅដុតកម្ទេចចោលចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែល ខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់គ្នា បានយល់ដឹងនូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។

មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ។

ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាម ផ្សារនានា នៅក្នុងខេត្តស្វាយរៀងឲ្យបានជាបន្តបន្ទាប់បន្ថែមទៀតផងដែរ៕