(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សិស្សនាយទាហានសកម្មជំនាន់ទី២០ បានមកធ្វើសច្ចាប្រណិធាន នៅវិមានឈ្នះឈ្នះ ដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។

តាមសេចក្តីរាយការណ៍របស់ឧត្ដមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ឲ្យដឹងថា និស្សិតនាយទាហានសកម្មជំនាន់ទី២០ មានចំនួន ១០១នាក់ បានប្រឡងបញ្ចប់ វគ្គជាផ្លូវការនាសម័យប្រឡងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយគ្រោងនឹងបញ្ជូននិស្សិតទាំងនេះចេញទៅបំរើ ការតាមកងឯកភាពនៃកងយោធពលខេមរភូមិន្ទ តាមការចាត់តាំងរបស់អគ្គបញ្ជាការ និង ក្រសួងការពារជាតិ។

លោកឧត្ដមសេនីយ៍នាយកសាលា បានបន្តថា ឆ្លងកាត់ការសិក្សារយៈពេល៤ឆ្នាំ និស្សិតនាយទាហានសកម្មទាំងអស់បានចុះធ្វើកម្មសិក្សាជាក់ស្ដែង នៅតាមបណ្ដាកងពល និងយោធភូមិភាគ ដើម្បីដកបទពិសោធន៍ការងារ។ ឆ្លើយតបជាមួយលទ្ធផលសិក្សានេះ ក៏ដូចជាដើម្បីបញ្ជាក់នូវការស្មោះត្រង់ចំពោះជាតិ ទើបថ្ងៃនេះ សាលាបានបញ្ជូនពួកគេមកធ្វើសច្ចាប្រណិធាននៅចំពោះមុខបារមី ស័ក្តិសិទ្ធិ នៃវិមានឈ្នះឈ្នះ ដែលជាដួងព្រលឹងរបស់វីរជនស្នេហាជាតិ ព្រមទាំងចំពោះមុខថ្នាក់ដឹកនាំផងដែរ។

នៅក្នុងឱកាសនោះ បន្ទាប់ពីការធ្វើសច្ចាប្រណិធានរបស់និស្សិតនាយទាហានសកម្មជំនាន់ទី២០ និងព្រះសង្ឃជយន្តោប្រោះព្រំរួចមក នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធាចារ្យ បណ្ដានាយទាហានពាក់ព័ន្ធ ដែលបានជួយបណ្តុះបណ្ដាលនិស្សិតនាយទាហានសកម្មជំនាន់ទី២០ ប្រព្រឹត្តិទៅដោយរលូន និង ទទួលបានលទ្ធផលគួរជាទីមោទន។

នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលនិស្សិតនាយទាហានសកម្មបានមកជួបជុំធ្វើសច្ចាប្រណិធាននៅវិមានឈ្នះឈ្នះ ដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ និងបិទបញ្ចប់នូវភ្លើងសង្គ្រាមរុំារ៉ៃនៅកម្ពុជា ហើយនាំមកនូវសុខសន្តិភាព ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបណ្តុះបណ្តាលនាយទាហាន ដែលជាកត្តាចាំបាច់បំផុតក្នុងការពង្រឹងពង្រីកតួនាទី ភារកិច្ច ដើម្បីឆ្លើយតបដល់ការដឹកនាំបញ្ជា និងគ្រប់គ្រងអង្គភាព។

ដើម្បីជាមូលដ្ឋានសម្រាប់នាយទាហានសកម្មជំនាន់ទី២០ បំពេញភារកិច្ចទទួលបានជោគជ័យ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្តល់នូវការណែនាំមួយចំនួនមានដូចខាងក្រោម៖

*ទី១៖ ត្រូវយល់ច្បាស់ពីតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលនៃកិច្ចការពារខឿនឯករាជ្យ អធិបតេយ្យជាតិ
*ទី២៖ ធ្វើជាគំរូក្នុងការគោរពច្បាប់ និង អនុវត្តច្បាប់ ជាពិសេសការគោរពវិន័យ បទបញ្ជា ច្បាប់លក្ខ័ន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ
*ទី៣៖ ក្តាប់ជាប់សភាពការណ៍សន្តិសុខ ដើម្បីត្រៀមលក្ខណៈអនុវត្តបទបញ្ជា ក្នុងនោះការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលគ្រប់រូបភាពរបស់ពួកអមិត្ត
*ទី៤៖ ពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តលើសកលលោក
*ទី៥៖ ពង្រឹងពង្រីកចំណងសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ ទាំងការរស់នៅ និងការបំពេញការងារ ក្នុងនោះក៏ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាជន ព្រោះថាកងយោធពលខេមរភូមិន្ទជាកូនចៅប្រជាជន កើតចេញពីប្រជាជន និងដើម្បីបម្រើប្រជាជន
*ទី៦៖ បន្តរៀនសូត្រចំណេះដឹងជំនាញថ្មីៗ និង ភាសាបរទេស ជាពិសេសការលើកកម្ពស់សីលធម៌រស់នៅ និងការពង្រឹងកាយសម្បទា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន
*ទី៧៖ ចូលរួមថែរក្សា និង យកចិត្តទុកដាក់ចំពោះអង្គភាពដើម្បីប្រែក្លាយជាអង្គភាពរៀបរយ។ ទន្ទឹមនោះត្រូវយកចិត្តទុកដាក់ថែរក្សាគ្រឿងបំពាក់ និងការរស់នៅស្អាត មានអនាម័យល្អ និងចេះកែច្នៃជីវភាព បន្ថែមលើគោលរបបដែលបានកំណត់៕