(ភ្នំពេញ)៖ ដោយមើលឃើញថាអាជីវកម្មខ្នាតតូច និងមធ្យមតែងតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាច្បាប់ អាជីវករមួយចំនួនមិនដឹងត្រូវធ្វើដូចម្ដេច នៅពេលជួបបញ្ហា បញ្ហាទីផ្សារ បញ្ហាប្រកបអាជីវកម្មប៉ះគ្នាជាដើមមកនោះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បាននិងកំពុងខិតខំពង្រឹងការដោះស្រាយបញ្ហានានាជូនអាជីវករយ៉ាងសស្រាក់សស្រាំ ទន្ទឹមនឹងការខិតខំពង្រីក អាជីវកម្មខ្នាតតូច និងមធ្យមក្នុងស្រុកឲ្យបានច្រើនបន្ថែមទៀត

ដើម្បីរៀបចំយន្តការដោះស្រាយឱ្យសមស្របទៅបាន ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា តែងបើកកិច្ចប្រជុំជាមួយសមាជិករបស់ខ្លួនជាប្រចាំ ដោយនាចុងខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ ក្រុមប្រឹក្សសមាគមបានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ ក្រោមអធិបតីភាពលោក សួន រិនឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគម ក្នុងនោះក៏មានការដាក់ចេញគោលការណ៍ថ្មីៗមួយចំនួន សំដៅចូលរួមលើកកម្ពស់ការប្រកបអាជីវកម្ម និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមពីលោក ង៉ែត ចដ្តាវី អនុប្រធានក្រុមប្រឹក្សាសមាគម លោកឧកញ៉ា លី ហួរ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម និងលោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំគណៈកម្មការប្រតិបត្តិសមាគមផងដែរ។

លោក ឡី សុភាព បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹង និងពង្រីកសមាជិកបន្ថែម ព្រមទាំងដើម្បីរៀបចំរចនាសម្ពន្ធថ្មី តែងតាំងគណៈកម្មការផ្សេងៗរបស់សមាគម និងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងអាជីវកម្មខ្នាតតូច និងមធ្យម ដែលនឹងត្រូវដាក់ឲ្យដំណើរការបែងចែកទៅតាមផ្នែកតាមវិស័យ ដើម្បីគាំទ្រទាំងច្បាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នា និងអនុវត្តទាំងការងារថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ជាពិសេសផ្ដោតសំខាន់ទៅលើអាជីវកម្មខ្នាតតូច-មធ្យម។

លោក ឡី សុភាព បានបន្តថា អង្គប្រជុំក៏បានឯកភាពគ្នារៀបចំរចនាសម្ពន្ធបែកចែកថ្មី ពិសេសក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបង្កើតគណៈកម្មការនីតិកម្ម និងដោះស្រាយវិវាទមួយ ដើម្បីជួយដោះស្រាយការពារប្រជាពលរដ្ឋបើកអាជីវកម្ម។

ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជារូបនេះបានបញ្ជាក់ថា «កន្លងទៅ ធ្លាប់ជួបប្រទះបញ្ហាប្រឈមមួយចំនួន ដូចជាបញ្ហាផ្លូវច្បាប់ អាជីវករមួយចំនួនមិនដឹងត្រូវធ្វើដូចម្ដេច នៅពេលជួបបញ្ហា បញ្ហាទីផ្សារ បញ្ហាអាជីវកម្មនិងអាជីវកម្ម (រកស៊ីប៉ះគ្នា) ដោយសមាគមសហព័ន្ធវិនិយោគិនកម្ពុជាបានចេញយន្តការ ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបានរួចរាល់ផងដែរ»

លោកបន្ថែមថា សម្រាប់ទិសដៅបន្ត គឺការពង្រឹង-ពង្រីកអាជីវកម្មខ្នាតតូច-មធ្យមក្នុងស្រុក ឲ្យបានច្រើនបន្ថែមទៀតតាមដែលអាចធ្វើទៅបាន ពោលគឺការពង្រឹកទាំងផ្ទៃក្នុង និងការទាញដៃគូពីខាងក្រៅឱ្យចូលរួមជាមួយសមាគម៕