(ហួណាន, ចិន)៖ តបការអញ្ជើញរបស់គណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន និងទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន នៅខេត្តឆាងសា ខេត្តហួណាន ប្រទេសចិន។

ក្នុងនោះមានការអញ្ជើញចូលរួមភាគី តំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភាគីចិនមានការចូលរួមពីលោក លាង យុន អគ្គលេខាធិការរង នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណចិន តំណាងមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិន នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន តំណាងខេត្តហ៊ូណាន តំណាងខេត្តយូណាន ប្រទេសចិន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងពីកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំផ្លាស់វេនគ្នាប្រចាំឆ្នាំ ដោយផ្តោតទៅលើកិច្ចការសំខាន់ៗ មួយចំនួនដូចជា ទី១៖ ការចែករំលែកព័ត៌មាន ស្តីពីគ្រឿងញៀនទៅវិញទៅមក រវាងប្រទេសទាំងពីរ និងទី២៖ កិច្ចសហប្រតិបត្តិការក្នុងការងារអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យកាត់បន្ថយតម្រូវការ និងការគាំទ្រការបណ្តុះបណ្តាល និងសម្ភារ។

ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានរៀបចំទទួលដំណើរទស្សនកិច្ច របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីក្រុងប៉េកាំង និងខេត្តយូណាន នាសប្តាហ៍កន្លងមក និងបានថ្លែងអំណរគុណផងដែរ ចំពោះកិច្ចសហប្រតិបត្តិការរបស់ភាគីចិន ទាំងនាពេលកន្លងមក ក៏ដូចជាពេលអនាគត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជម្រាបជូនពីលទ្ធផលប្រជុំថា ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពគ្នា នឹងពង្រឹង-ពង្រីក នូវកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ដើម្បីរឹតចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោក យ៉ាងហ្វេនរី Yang Fengrui ប្រធានមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិន នៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិន បានផ្តល់តេស្តបឋមស្វែងរក សារធាតុញៀនដែលមានតម្លៃ ៥០០,០០០យ័ន ដល់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃប្រជុំទ្វេភាគីកម្ពុជា-ចិន ថ្នាក់មន្ត្រីជាន់ខ្ពស់ លើកទី៩ ឆ្នាំ២០២០ នៅប្រទេសកម្ពុជា៕