(ព្រះសីហនុ)៖ បុគ្គលិកជនជាតិចិន និងជនជាតិខ្មែរជាច្រើននាក់ ដែលធ្វើការនៅកាស៊ីណូឈ្មោះ «ដាយម៉ិនស៊ីសាខាទីពីរ» ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មកស្វែងរកអន្តរាគមន៍ឲ្យសមត្ថកិច្ចជំនាញជួយដោះស្រាយបញ្ហា ក្រោយ ថៅកែក្រុមហ៊ុនកាស៊ីណូ មិនបើកប្រាក់ខែដល់ពួកគាត់ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

បុគ្គលិកកាស៊ីណូ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ទាំងជនជាតិខ្មែរ និងចិនជាច្រើននាក់ បាននាំគ្នាតវ៉ាស្វែងរកការអន្តរាគមន៍ពីសំណាក់សមត្ថកិច្ចអាជ្ញាធរដែនដីជួយដោះស្រាយ ដោយសារក្រុមហ៊ុនកាស៊ីណូ មិនបានបើកប្រាក់ខែឲ្យដែលតាមការអះអាងពីបុគ្គលិកអ្នកបម្រើការថា ថៅកែចិនរត់លបាត់ស្រមោល ហើយរកអ្នកទទួលខុសត្រូវបន្តមិនទាន់ឃើញទៀត។

ភ្លាមៗនោះដែរ មន្ត្រីជំនាញមន្ទីរការងារខេត្តព្រះសីហនុ បានចុះទៅដល់កាស៊ីណូខាងលើនេះដើម្បីសម្របសប្រួល និងធ្វើការដោះស្រាយ។

សូមបញ្ជាក់ថា ថៅកែក្រុមហ៊ុនកាស៊ីណូមួយចំនួន ក្នុងខេត្តព្រះសីហនុ ចាប់ផ្តើមរត់ចោលបុគ្គលិកបណ្តើរៗហើយ សង្ស័យថា ក្រុមហ៊ុនក្ស័យធន៕