(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលថវិកាជាតិសរុបមានចំនួន ៤៥៦,៦១៧,៦៨៦,០៧៧រៀល គិតទាំងពន្ធប្រថាប់ត្រា លើការផ្ទេរអចលនទ្រព្យ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតនៅថ្ងៃនេះ។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានឱ្យដឹងទៀតថា ចំណូលដែលក្រសួងរៀបចំដែនដី បានប្រមូលបាននេះរួមមាន៖

* ទី១៖ ចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ២៩, ១០៧, ៧៣៦, ៣៧៤រៀល ក្នុងនោះមាន សេវាសំណង់ទូទៅចំនួន ១៤, ៤០៩, ៤៨៩, ៧៥៨រៀល សេវាសំណង់លើស សន្ទស្សន៍ចំនួន ១៤, ៤១៧, ៧៨០, ០០០រៀល ការជួលអចលនទ្រព្យចំនួន២៨០, ៤៦៦, ៦១៦រៀល។

* ទី២៖ ចំណូលរបស់មន្ទីរ ដ.ន.ស.ស.រាជធានីខេត្តចំនួន ៨០, ២៣៤, ៨០៣, ២២៧រៀល ក្នុងនោះមាន សេវាសុរិយោដីចំនួន ៥០, ០២៥, ៧៨២, ៥១៤រៀល, លក្ខណៈជាប្រព័ន្ធចំនួន ១១, ៧៧១, ៥០៨, ៣០០រៀល, លក្ខណៈដាច់ដោយដុំចំនួន ៣៨, ២៥៤, ២៧៤, ២១៤រៀល, សេវាសំណង់ទូទៅចំនួន ៣០, ២០៩, ០២០, ៧១៣រៀល

* ទី៣៖ ពន្ធប្រថាប់ត្រា (អគ្គនាយកដ្ឋានពន្ធដារ) ចំនួន ៣៤៧, ២៧៥, ១៤៦, ៤៧៦រៀល។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងលទ្ធកម្មសរុបសម្រាប់ឆ្នាំ២០១៩ មានចំនួន ៣២គម្រោង ក្នុងនោះមាន បានអនុវត្តនីតិវិធីទូទាត់ចំនួន២៩គម្រោង ស្មើនឹង ៩០.៦២% បន្តអនុវត្តចំនួន១គម្រោង ស្មើនឹង៣.១% និងគម្រោងដែលមិនអាចអនុវត្តបានចំនួន២គម្រោង ស្មើនឹង ៦.២៥ %៕