(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា លោកបានបញ្ជានាយកដ្ឋានជំនាញ សហការជាមួយកម្លាំងនគរបាលជំនាញចរាចរណ៍រាជធានីភ្នំពេញ បើកការស្រាវជ្រាវបន្ទាន់ ដើម្បីតាមរកមុខជនបង្ក ដែលបើករថយន្ដបុក យុវតីសិស្សសាលា ២នាក់ ស្លាប់យ៉ាងអណោចអធមបំផុត នៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាទៅនាយកដ្ឋានជំនាញធ្វើការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញ ចុះធ្វើរឿងនេះជាបន្ទាន់ ដើម្បីតាមស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនអ្នកបើករថយន្ដ»។

សូមបញ្ជាក់ថា យុវតីចំនួន ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនេះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨។

យុវតីវ័យក្មេងទាំងពីរ ត្រូវបានសង្កេតឃើញថា បានស្លាប់យ៉ាងអណោចអធមបំផុត ដោយម្នាក់ស្លាប់ក្នុងសភាពដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតបែកដើមទ្រូង ខណៈលើដងខ្លួនត្រូវស្រោច ដោយឈាមក្រហមឆ្អៅ។ នេះបើតាមសមត្ថកិច្ចមូលដ្ឋាន។

លោក ខាត់ ច័ន្ទ នាយផ្នែកចរាចរណ៍នគរបាលខណ្ឌជ្រោយចង្វារ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនរងគ្រោះបានស្លាប់ទាំង ២នាក់ តែនៅកន្លែងកើតហេតុនោះ មានសភាពងងឹត ដែលពិបាកធ្វើឲ្យចាប់ស្លាកលេខបាន។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតឌុបគ្នាចេញពីរៀនភាសាអង់គ្លេស នៅម៉ោងប្រមាណ ៧ល្ងាច។ លុះមកដល់កន្លែងកើត ហេតុ មានរថយន្តទំនើបមួយគ្រឿងម៉ាក Audi (មិនស្គាល់ស្លាកលេខ) និងរថយន្តមួយគ្រឿងទៀតម៉ាក Highlander (មិនស្គាល់ស្លាកលេខ) ដែលគេកំណត់ថា ជាក្រុមតែមួយ បានបើកលឿនដូចហោះ ដោយបាញ់ភ្លើងហ្វាយ៉ាងខ្លាំង មុនពេលរថយន្តពួកគេបុកយុវតីរងគ្រោះទាំងពីរ៕