(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានលើកឡើងថា «លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគំរូ ជាឳពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះបណ្តាល មនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ទន្ទឹមនឹងនោះគ្រប់ទង្វើ និងសកម្មភាព របស់លោកគ្រូ អ្នកគ្រូ សុទ្ធតែជាការអប់រំ ដូច្នេះគប្បីយកចិត្តទុកដាក់ មានឆន្ទះក្នុងការបំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ ធ្វើយ៉ាងណាកុំឲ្យពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន មានការខកចិត្តមកលើយើង»

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យដោយផ្ទាល់ជុំវិញបរិស្ថាន អនាម័យ និងរបៀបរបប នៃការបណ្តុះគ្រាប់ពូជថ្មី ក្នុងសាលាបឋម និងអនុវិទ្យាល័យដូងជ្រុំ ស្ថិតក្នុងភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយមូលហេតុថា វិស័យនេះគឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវិស័យផ្សេងៗទៀត។

លោកសូមឲ្យលោកគ្រូ អ្នកគ្រូ និងមន្រ្តីអប់រំគ្រប់ផែ្នក គ្រប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់ បន្តការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅវិស័យអប់រំ ឱ្យកាន់តែមានចំណេះដឹង បំណិន និងសីលធម៌ខ្ពស់ ស្របតាមចតុស្តម្ភទាំង៤ នៃការអប់រំ គឺរៀនមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា។

ជាការពិតណាស់ថា ហេដ្ឋារចនាសម្ព័នរូបវ័ន្ត ជាពិសេសសាលារៀន ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស សុទ្ធសឹងតែកកើតឡើងក្រោយថ្ងៃរំដោះ ៧មករា ក្រោមការដឹកនាំរបស់សម្តេចតេជោ ដូច្នេះដើម្បីជាយុទ្ធសាស្រ្ត ឈានទៅដល់ការកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋ សំណូមពរលោកគ្រូ អ្នកគ្រូ ប្រកាន់ខ្ជាប់ និងបណ្តុះនូវវប្បធម៌កត្តញូ និងចរិកជាតិនិយម ដោយមានព្រហ្មវិហារធម៌ទៅព្រមគ្នាផងដែរ។

លោកបានផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ បន្តខិតខំសិក្សារៀនសូត្រ ដើម្បីឈោងចាប់នូវអនាគតដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងជាអ្នកបន្តវេនដ៏រឹងមាំ សម្រាប់សង្គមជាតិ។

នៅក្នុងឱកាសនោះ លោកក៏បានឧបត្ថម្ភបាល់ទាត់៥, ជូនលោកគ្រូ អ្នកគ្រូជាង២០នាក់ ម្នាក់ៗទទួលបាន សារុង១ និងសិស្សានុសិស្ស ៨៧០នាក់ ម្នាក់ៗសៀវភៅ១ក្បាល ប៊ិច១ដើម ក្នុងសាលាបឋម និងអនុវិទ្យាល័យដូងជ្រុំផងដែរ។

គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលលើកទី១លោកបានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៥សាលាផ្សេងគ្នា ដូចជាសាលាបឋមសិក្សាស្តុកឃ្លោក បឋមសិក្សាសំរោងពក បឋមសិក្សាស្រះម្កាក់ អនុវិទ្យាល័យស្រះម្កាក់ និងអនុវិទ្យាល័យបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់៕