(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការី មកពីខេត្ត Gansu ប្រទេសចិន ចូលជួបសម្តែងការគួរសម។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ជម្រាបជូនអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងសាកសួរអំពីវឌ្ឍនភាព នៃការរៀបចំអនុស្សារណៈ នៃការយោគយលគ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន GAWC ស្តីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការសិក្សាស្រាវជ្រាវរួមគ្នា លើការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក នៅកម្ពុជា។

លើសពីនោះទៀត ព្រមទាំងការធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី សម្រាប់វិស័យកសិកម្ម រួមជាមួយនឹងការជ្រើសរើស ទីតាំងអនុវត្តគម្រោងសាកល្បង ស្តីពីការរៀបចំប្រព័ន្ធថាមពលសូឡា (ថាមពលពន្លឺព្រះអាទិត្យ) បូមទឹកក្រោមដីសម្រាប់ស្រោចស្រពដំណាំ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។

ក្នុងជំនួបនេះដែរ លោករដ្ឋមន្ដ្រី វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើរក្រៃលែង ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រុមហ៊ុន ដែលបានចំណាយពេលវេលា ចុះសិក្សាស្រាវជ្រាវ និងកំណត់សក្តានុពលតំបន់ ដែលអាចមានប្រភពទឹកក្រោមដីគ្រប់គ្រាន់ និងដំណើរការនៃគម្រោងសាកល្បង នាពេលខាងមុខឲ្យបានឆាប់។

ម្យ៉ាងវិញទៀត ការប្រើប្រាស់ប្រព័ន្ធសូឡា សម្រាប់បូមទឹកក្រោមដី មកប្រើប្រាស់គឺជាបច្ចេកវិទ្យាថ្មីមួយសម្រាប់កម្ពុជា ដែលអាចកាត់បន្ថយការចំណាយថាមពលអគ្គីសនី កម្លាំងពលកម្ម ក្នុងការពង្រីការអភិវឌ្ឍវិស័យកសិកម្ម និងមាននិរន្តរភាពយូរអង្វែង។

ស្របពេលនោះដែរ លោក Chengxiang MA ជម្រាបជូនថា ក្រុមហ៊ុនបានកំពុងតែកៀរគរ រកជំនួយពីគ្រប់ដៃគូវិនិយោគនៅប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម និងតាមរយៈគម្រោង អភិវឌ្ឍផ្សេងៗទៀតក្នុងវិស័យនេះ។

នៅក្នុងកិច្ចពិភាក្សានេះ លោកបានបន្តទៀតថា លោកសូមបានស្នើលោករដ្ឋមន្រ្តី បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវការគ្រប់គ្រងទឹកក្រោមដី តាមកន្លែងមួយចំនួន ដូចជា អគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងនៅតាមមន្ទីរពិសោធន៍នានា ដើម្បីធ្វើការស្រាវជ្រាវ បង្ហាញពីរបកគំហើញបច្ចេកវិទ្យាប្រើប្រាស់ទឹកក្រោមដី សម្រាប់ដំណាំ និងកសិកម្មនៅកម្ពុជា។

ក្រៅពីនេះ លោកបានជម្រាបជូនថា នឹងធ្វើការសហការគ្នា ជាមួយសាកលវិទ្យាល័យជាច្រើន ក្នុងការសន្យាផ្តល់នូវអាហារូបករណ៍ ជូនដល់និស្សិតកម្ពុជាឲ្យបានកាន់តែច្រើនលើផ្នែក វិទ្យាសាស្រ្តកសិកម្ម និងបច្ចេកវិទ្យា។

ឆ្លើយតបទៅនឹងសំណើនេះ លោករដ្ឋមន្រ្តីបញ្ជាក់ពីគោលជំហររបស់ក្រសួង ក្នុងការគាំទ្រឲ្យមានការចុះហត្ថលេខា លើអនុស្សារណៈ ដើម្បីជាមូលដ្ឋានសម្រាប់សម្របសម្រួល ដំណើរការនៃការនាំចូលសម្ភារកសិកម្ម ពីប្រទេសចិន សម្រាប់ការអនុវត្តគម្រោងសាកល្បង នៅខេត្តទាំងពីរ និងឈានទៅរកការអនុវត្ត គម្រោងក្នុងខេត្តគោលដៅមួយចំនួនទៀត ដូចជា ខេត្តតាកែវ ខេត្តកំពង់ចាម និងស្វាយរៀងជាដើម។

លើសពីនេះទៀត ដើម្បីសម្រេចបានកិច្ចការខាងលើ លោកបានស្នើឲ្យក្រុមហ៊ុនធ្វើការសហការជិតស្និត ជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការជ្រើសរើសទីតាំងធ្វើមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវនេះ និងថែមទាំងសហការ ជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ក្នុងការជំរុញឲ្យមានការចុះ MoU នេះ ក្នុងពេលឆាប់ៗខាងមុខ៕