(បាងកក)៖ លោក Thamanat Prompow អ្នកនយោបាយវ័យក្មេងរបស់ថៃ បានអះអាងថា រាជរដ្ឋាភិបាលថៃគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយប្រឆាំងរាល់សកម្មភាពនយោបាយទាំងឡាយនៅលើដីថៃ ដែលធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។

លោក Thamanat Prompow បានគូសបញ្ជាក់បែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងកសិកម្មថៃ។

លោក Thamanat Prompow អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហកររបស់ថៃ។ លោក Thamanat ជាប្រធានតំណាងរាស្រ្ត និងជាប្រធានយុទ្ធសាស្រ្តគណបក្សកម្លាំងប្រជារាស្រ្តភូមិភាគខាងជើង ដែលជាគណបក្សកាន់អំណាច និងជាឥស្សរជននយោបាយដ៏សំខាន់ម្នាក់។ លោក ក៏ជាអ្នកជិតស្និទ្ធជាមួយនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃផងដែរ។ លោក Thamanat បានដើរតួនាទីក្នុងការបង្រួបបង្រួមគណបក្សផ្សេងៗ ឱ្យចូលរួមបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោតបានសម្រេច ដែលជួយឱ្យលោក ប្រាយុទ្ធ ចាន់អូចា ក្លាយជានាយករដ្ឋមន្ត្រីបន្តទៀត។

ក្នុងជំនួបពិភាក្សាខាងលើនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកឡើងពីនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យ។ កត្តាទាំងអស់នេះ ជាចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងកំណើន៧ភាគរយ រយៈពេលពីរទសវត្សរ៍កន្លងទៅ ហើយនៅឆ្នាំ២០១៨ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច ៧.៧ភាគរយ។

សន្តិភាពជំរុញឱ្យវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» ឱ្យសម្រេចបាននូវកំណើនវិជ្ជមានពីរខ្ទង់ជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណ ១២.៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយបង្កើតការងារសរុបជាង ២.៩លានកន្លែង និងការងារដោយផ្ទាល់ ៦២០,០០០ កន្លែង។ ជាក់ស្តែងនៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ កើនឡើង ១០.៧ភាគរយ និងក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរសរុបជាង ៥.២៩លាននាក់ កើនឡើង ៩.៧ភាគរយ។

ទន្ទឹមនេះ លោកបណ្ឌិត ក៏បានពិភាក្សាការងារមួយចំនួនជាមួយលោក Thamanat ស្តីពីសភាពការណ៍នយោបាយកន្លងមក ដែលសកម្មជនអតីតចលនាសង្គ្រោះជាតិខុសច្បាប់តែងតែយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយចង់បំផ្លាញសុខសន្តិភាពរបស់ជាតិ និងប្រជាជនកម្ពុជា។

ពាក់ព័ន្ធបញ្ហានេះ លោក Thamanat បានតបថា រាជរដ្ឋាភិបាលថៃ មិនគាំទ្រឱ្យមានសកម្មភាពនយោបាយណាមួយក្នុងទឹកដីថៃឡើយ។

លោក Thamanat ក៏បានផ្ញើក្តីនឹករលឹកជូនសម្តេចតេជោ និងរីករាយក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលខាងកម្ពុជាត្រូវការ។ លោកបន្ថែមថា ទំនាក់ទំនងកម្ពុជា-ថៃ នឹងបន្តរីកចម្រើនជាលំដាប់ពីមួយជំនាន់ទៅមួយជំនាន់ ហើយរដ្ឋាភិបាលថៃបច្ចុប្បន្នសូមគាំទ្រ និងរក្សាកិច្ចសហប្រត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជានិច្ច។

លោករដ្ឋលេខាធិការ សុខ សុក្រឹត្យា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោក Thamanat ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ ដោយក្តីរាក់ទាក់ និងសូមអរគុណដល់រដ្ឋាភិបាលថៃដែលបានជួយទប់ស្កាត់សកម្មភាពខុសច្បាប់ប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក៕