(ព្រះវិហារ)៖ ដើម្បីរួមចំណែកលើកកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារយុទ្ធជន ដែលកំពុងធ្វើពលិកម្មជូនជាតិ មាតុភូមិនៅតាមព្រំដែននោះ នៅថ្ងៃរសៀលពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជនចំនួន១០គ្រួសារ (គ្រួសារនីមួយៗទទួលថវិកា១លានរៀល) រស់នៅក្នុង ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីប្រកបមុខរបរ បង្កបង្កើនផល និងចិញ្ចឹមសត្វ។

ក្នុងឱកាសជួបសំណេះសំណាល និងប្រគល់ប្រាក់កម្ចីនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្ត ដល់គ្រួសារទទួលផលទាំងអស់ ឱ្យបន្តខិតខំពង្រីកមុខរបរបង្កបង្កើនផល ឬចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើនូវការកោតសរសើរដល់យុទ្ធជនជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា ការរស់នៅជួបជុំក្រុមគ្រួសារ ទៅបម្រើការងារការពារជាតិ មាតុភូមិ រីឯភរិយា រស់នៅផ្ទះខិតខំ ប្រកបរបរ និងពង្រីកមុខរបរ ចិញ្ចឹមកូនដើម្បីអនាគតរុងរឿង។

គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ និងបានប្តេជ្ញា ខិតខំប្រកបរបរចិញ្ចឹមជីវិតដើម្បីរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនភាព ដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋសរុបចំនួន៦៣៨គ្រួសារ (ក្នុងនោះគ្រួសារពិការ១១៧គ្រួសារ) ដែលរស់នៅ ស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កើនជីវភាពរស់នៅឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។

បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១២ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល៕