(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោក បានរៀបចំវគ្គបណ្ដុះបណ្ដាល សម្រាប់ស្តីពីការគ្រប់គ្រងអនាម័យ

និងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ និងផ្សព្វផ្សាយប្រកាសលេខ៤៣០២អបស/ឱអបស ស្តីពី ការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ ដល់មន្រ្តីត្រួតពិនិត្យអនាម័យ និងសុវត្ថិភាពចំណីអាហារទូទាំង២៥ រាជធានី-ខេត្ត។

វគ្គបណ្ដុះបណ្ដាល មានការចូលរួមពី លោក អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល, នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក រួមទាំងមន្ដ្រី ២៥រាជខេត្ដ និងពលរដ្ឋលក់អាហារ តាមដងផ្លូវផងដែរ។ពិធីនេះ បានប្រព្រឹត្ដទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ -២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារអង្គរប៉ារាឌី ខេត្តសៀមរាប ។

លោក អឿន បូរារ័ត្នន៍ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យចំណីអាហារផងដែរ ប្រជាពលរដ្ឋមានជីវភាពធូរធារ ធ្វើឱ្យពួកគាត់មានលទ្ធភាព ចេញទៅបរិភោគអាហារ តាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងផ្សេងៗទៀត។

លោកបន្តថា ប៉ុន្ដែដើម្បីឱប្រជាពលរដ្ឋ មានសុខភាពល្អ ចៀសពីជំងឺផ្សេងៗបន្ទាប់ពីបរិភោគអាហារ លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្រសួង បានចេញប្រកាសលេខ ៤៣០២អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្តីពីការ គ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារលក់តាមដងផ្លូវ ដើម្បីធ្វើការគ្រប់គ្រង សុវត្ថិភាពចំណីអាហារតាមដងផ្លូវ និងសាលារៀន។

ក្នុងឱកាសនេះ អឿន បូរារ័ត្នន៍ បានថ្លែងអំពាវនាវ ដល់អាជីវករលក់ដូរចំណីអាហារតាមដងផ្លូវ និងសាលារៀន ដែលបានចូលរួមក្នុងវគ្គនេះ ជួយបន្តផ្សព្វផ្សាយពីខ្លឹមសារប្រកាសលេខ៤៣០២អបស/ឱអបស ស្តីពីការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពចំណីអាហារតាមដងផ្លូវ របស់ក្រសួងសុខាភិបាល ដល់បងប្អូនផ្សេងទៀត ដែលមានមុខរបរលក់ចំណីអាហារតាមដងផ្លូវ និងក្នុងសាលារៀន ដើម្បីធានាឱ្យបានថា ចំណីអាហារដែលដាក់លក់ គឺត្រូវមានអនាម័យ និងសុវត្ថិភាពខ្ពស់ ជូនអ្នកបរិភោគ៕