(សៀមរាប)៖ ត្រពាំងបុរាណចំនួន ៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។

ត្រពាំងទាំង៨កន្លែងខាងលើ រួមមាន៖ ត្រពាំងកក់ ត្រពាំងល្បើក ត្រពាំងវែង ត្រពាំងតាស្នេហ៍ ត្រពាំងគក់ ត្រពាំងទ្រាស ត្រពាំងប្រនេត្រ និងត្រពាំងឈកស្នាយ។

ត្រពាំងបុរាណចំនួន ៨កន្លែងនេះ ត្រូវបាននាយកដ្ឋានជំនាញចុះវាយតម្លៃរួចហើយ និងយល់ថាគួរអនុញ្ញាតបាន ប៉ុន្តែការស្ដារនេះគួរជៀសវាងស្ដារយកទៅធ្វើអាជីវកម្ម ឬកេងចំណេញផលប្រយោជន៍ណាមួយ។

ជាគោលការណ៍ គឺអាជ្ញាធរជាតិអប្សរាតែងសហការជាមួយអាជ្ញាធរមូលដ្ឋាននានា ដែលចង់ស្ដារត្រពាំងបុរាណនានា ក្នុងបំណងរក្សាត្រពាំងឱ្យនៅគង់វង្សផង ជៀសវាងការយកទីតាំងនោះទៅប្រើប្រាស់អ្វីផ្សេង ឬចាក់ដីលុបតែម្ដងពេលវាកាន់តែរាក់។

បន្ថែមពីនេះ វាក៏ជាកិច្ចការងារថែរក្សា និងអភិរក្សនូវត្រពាំងបុរាណដែលនៅសេសសល់ ជៀសវាងមានជនខិលខូចលួចបន្លំយកធ្វើកម្មសិទ្ធិឯកជននៅពេលត្រពាំងបុរាណទាំងនេះមិនមានទឹក៕