(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចមុនដាច់ឆ្នាំចាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតចាប់ពីឆ្នាំ១៩៨២មកដល់ពេលបច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានផ្តល់ការអប់រំដល់និស្សិត សិក្ខាកាមសរុបជាង ៥ម៉ឺននាក់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រកាសស្វែងរករូបភាពដែលសម្តេចបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងសម័យរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះវឌ្ឍនភាពរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈនយោបាយសាលាចិញ្ចឹមសាលា បានធ្វើឱ្យសាលានេះមានការវិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការរក្សារូបភាពចាស់ៗរបស់សាលា។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការរក្សាទុក និងបង្ហាញរូបភាពនានា នៃអតីតកាលរបស់រាជធានីភ្នំពេញក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនមានការបង្ហាញរូបភាពពីអតីតកាលទេ គឺនឹងមិនដឹងថា កម្ពុជាមានការវិវឌ្ឍន៍បែបណានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្តារប្រទេសឡើងវិញ គឺលំបាកខ្លាំងណាស់ លំបាកជាងការកសាងទីក្រុងថ្មីទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនបើកឱកាសឱ្យវិស័យឯកជនចូលរួមបណ្តុះបណ្តាល និងមិនឱ្យសាលារដ្ឋផ្តល់ការសិក្សាបង់ថ្លៃ មិនអាចឆ្លើយតបនឹងកំណើនសិស្សបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនសម័យនេះ មានសំណាងច្រើនណាស់បើធៀបយុវជនសម័យមុន។ យុវជនសម័យមុនបាត់បង់អស់ឱកាសក្នុងការសិក្សារៀនសូត្រ ព្រោះតែសង្គ្រាមក្នុងចន្លោះឆ្នាំ១៩៧០ ដល់១៩៧៥ និងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ យុវជនមានឱកាសច្រើនក្នុងការសិក្សា តែក៏មានអ្នកបាត់បង់ឱកាសដ្បិតកម្ពុជាមិនទាន់បានបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យសង្គ្រាមជាសម័យចាប់ទាហាន តែសម័យបច្ចុប្បន្នជាសម័យគេរត់ចូលធ្វើទាហាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណង់ផ្សេងៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ ត្រូវប្រឹងប្រែងរក្សា។ ចំណុចនេះសម្តេចបញ្ជាក់ថា ស្ពានសម័យបារាំង នៅខេត្តបាត់ដំបង មិនមានការវាយចោលនោះទេ

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឱ្យនាំគ្នាថែរក្សាស្ពានថ្មនៅមុខសាលាខេត្តបាត់ដំបង ដែលមានអាយុជាង១០០ឆ្នាំផងដែរ ដោយមិនត្រូវវាយចោលនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយថ្នាក់ឧត្តមសិក្សាចំនួននិស្សិតជានារីចាប់ផ្តើមធ្លាក់ចុះ។ សម្តេចតេជោ បានណែនាំឱ្យរួមគ្នាជំរុញនារីរៀននៅក្រោយឧត្តមសិក្សាឱ្យបានកាន់តែច្រើន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលឥទ្ធិពលវប្បធម៌ពីអឺរ៉ុបជាច្រើន រួមទាំងការស្លៀកពាក់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសួររកមុខអ្នកបង្កើត និងរៀបចំឱ្យមានពាក់ក្រវាត់ក។ សម្តេចតេជោ បានចាត់ទុកការពាក់ក្រវាត់កធ្វើឱ្យមានភាពរញ៉េរញ៉ៃ។

* សម្តេចតេជោ ហ៊ុន សែន បានសរសើរជនជាតិមូស្លីម ដែលរក្សាបាននូវការស្លៀកពាក់បែបប្រពៃណីរបស់ពួកគេ ដោយមិនទទួលឥទ្ធិពលពីបច្ចឹមប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាសាកលវិទ្យាល័យមួយ ដែលទទួលបានចាប់អារម្មណ៍ និងសិក្សាពីនិស្សិតបរទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមូលផលស្រូវវស្សាជិតចប់អស់ហើយ ក្នុងនោះការប្រមូលផលបានជាង ២លានហិកតា លើផ្ទៃដីដាំដុះជិត ៣លានហិកតា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចង់ឱ្យក្រសួងកសិកម្មបែងចែកតំបន់ក្នុងការដាំដុះ។ ពោលតំបន់ណាគួរដាំដុះអ្វី ហើយតំបន់ណាគួរដាំដុះអ្វី ជាពិសេសតំបន់ដែលខ្វះខាតទឹក។

* សម្តេចតេជោ ហ៊ុន សែន បានមើលឃើញដីមួយចំនួននៅក្នុងខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋដាំដុះអំពៅបានផលល្អ ដែលសម្តេចចង់ឱ្យមានការគិតគូរពីការគិតថា តើតំបន់ណាមានសក្តានុពលលើដំណាំអី ដើម្បីបង្វែរការដាំដុះរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមនុស្សមួយចំនួនស្អប់របបកុម្មុយនិស្ត តែបែរជាជំរុញឱ្យរាជរដ្ឋាភិបាលធ្វើរបបទីផ្សារបែបកុម្មុយនិស្ត ដោយឱ្យសម្តេចកំណត់តម្លៃស្រូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកំណត់តម្លៃស្រូវ គឺជាទីផ្សារផែនការ ដែលជាការអនុវត្តន៍របស់ប្រទេសង្គមនិយម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា បានត្រឹមការអំពាវនាវប៉ុណ្ណោះ ប៉ុន្តែមិនអាចកំណត់តម្លៃបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវទៅដល់ម្ចាស់ផ្ទះឈ្នួលកុំដំឡើងថ្លៃផ្ទះ ថ្លៃបន្ទប់ឱ្យលើសពីអ្វីដែលកម្មករទទួលបាន។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អាជ្ញាធរធ្វើការជាមួយម្ចាស់ផ្ទះ ម្ចាស់បន្ទប់ ដើម្បីទប់ស្កាត់បញ្ហាឡើងឈ្នួលផ្ទះ និងបន្ទប់ ដើម្បីធានាថា កម្មករទទួលបានអត្ថប្រយោជន៍ពីការដំឡើងប្រាក់ឈ្នួល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រមូលចំណូលលើស្ថាប័នគយ និងពន្ធដារ លើសផែនការរហូតដល់ ១៤០០លានដុល្លារអាមេរិក។ សម្តេចតេជោ ចាត់ទុកនេះជាជោគជ័យមួយលើការធ្វើកំណែទម្រង់ថវិកាសាធារណៈ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះកម្ពុជា អាចសល់ស្រូវរហូតដល់ទៅ៩លានតោន។ សម្តេចតេជោ ស្នើឱ្យមានការគិតគូរ និងជំរុញការនាំចេញអង្ករ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយលើវិស័យកសិកម្ម គឺជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ។ តែនយោបាយនេះ សម្តេចតែមួយទេ គឹនយោបាយជំរុញផលិតកម្មស្រូវ តែការនាំចេញអង្ករមិនសម្រេចតាមគោលដៅឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជា បានខិតខំទាក់ទាញអ្នកវិនិយោគ ដើម្បីកែច្នៃស្រូវជាអង្ករសម្រាប់នាំចេញ ព្រោះការកែច្នៃស្រូវទៅជាអង្ករចំណេញជាងការនាំស្រូវទៅប្រទេសជិតខាង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពឹងត្រឹមឧស្សាហកម្មកាត់ដេរមិនអាចធ្វើឱ្យសេដ្ឋកិច្ចជាតិរីកលូតលាស់ល្អនោះទេ គឺត្រូវពង្រីកឧស្សាហកម្មទំនើប ជាពិសេសលើបច្ចេកវិទ្យា។

* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញមានឧស្សាហកម្មផលិតរបស់ក្មេងលេង និងតុក្កតាជាដើម ដែលបច្ចុប្បន្នមានតម្រូវការខ្ពស់ទាំងក្នុងប្រទេសកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទូរទស្សន៍របស់កូរ៉េខាងត្បូង កំពុងគ្រប់គ្រងស្ទើរពាសពេញទីផ្សារលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន កំពុងរង់ចាំមើលកាដូរបស់កូរ៉េខាងជើង សម្រាប់ថ្ងៃបុណ្យគ្រិស្តម៉ាស់របស់បច្ចឹមប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើកាដូរបស់កូរ៉េខាងជើង ការបាញ់ម៉ីសីល ឬជាសារនយោបាយ ដែលនិងឈានដល់កិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងកូរ៉េខាងជើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងល្អណាស់ ដែលដៃគូសន្ទនារវាងទាំង៣របស់អាស៊ាន រួមមានចិន ជប៉ុន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នានៅចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចិន ជប៉ុន និងកូរ៉េខាងត្បូង ត្រូវគ្នា ក៏បង្កលក្ខណៈងាយស្រួលសម្រាប់អាស៊ានផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ហៅការជួបគ្នារវាងចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងជះឥទ្ធិពលល្អសម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន ដូចការប្រកាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺជារឿងល្អសម្រាប់សេដ្ឋកិច្ចលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មដូងប្រេងរបស់ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាមួយសហភាពអឺរ៉ុប គឺជាកង្វល់មួយ ហើយមិនងាយបញ្ចប់ឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖២៥នាទី នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News ដែលកំពុងផ្សាយផ្ទាល់គ្របដណ្តប់ទូទាំងប្រទេស៕