(កណ្ដាល)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានលើកឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្មផែនការ នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅស្រុកពញាឮ នាថ្ងៃទី២៥ ខែធ្នូ ដោយជំរុញអាជ្ញាធរឃុំ ត្រូវខិតខំកៀរគររកសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ឲ្យមកអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំរបស់ខ្លួន សំដៅបំពេញនូវតំរូវការខ្វះខាតក្នុងមូលដ្ឋានរបស់ខ្លូន។

លោកអភិបាលរងខេត្តបន្តថា ដើម្បីឱ្យមានការអភិវឌ្ឍនៅមូលដ្ឋាន គឺអាជ្ញាធរឃុំគ្រប់ឃុំ មានតួនាទីសំខាន់ណាស់ក្នុងការកៀរគរ ស្វែងរកជំនួយ និងការជួយគាំទ្រពីសប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធនានា ក្នុងការអភិវឌ្ឍន៍មូលរបស់ខ្លួន។ គម្រោងដែលជាអាទិភាពសំខាន់របស់ឃុំ គឺត្រូវផ្ដោតសំខាន់ទៅលើតម្រូវ ការចាំបាច់ នៅក្នុងមូលដ្ឋានផ្ទាល់ សំដៅបំពេញនូវតំរូវការខ្វះខាតក្នុងមូលដ្ឋានរបស់ខ្លូន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាលរដ្ឋផងដែរ។

លោកបន្ថែមថា សិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលដៅផ្ដល់ឱកាសឱ្យមានការ ផ្សារភ្ជាប់កាន់តែរលូន រវាងដំណើរការកសាងផែនការរបស់ឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជនទាំងអស់។ នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រគម្រោងត្រូវយកចិត្តទូកដាក់ យកកិច្ចសន្យានេះទៅបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២០របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថា ការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២០-២០២២ របស់ថ្នាក់ស្រុក គឺបានមកពីការស្នើឡើងរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំនានាក្នុងស្រុក ដែលជាតម្រូវការចាំបាច់ជាកស្ដែង ក្នុងមូលដ្ឋានរបស់ពួកគាត់។ គម្រោងដែលបានស្នើឡើងមានចំនួន២០៩គម្រោង ដោយចែកជា៧វិស័យរួមមាន វិស័យកសិកម្ម វិស័យអាជីវកម្ម វិស័យអប់រំ វិស័យសុខភាព វិស័យងាយរងគ្រោះ វិស័យបរិស្ថាន និងវិស័យរដ្ឋបាល និងសន្តិសុខ។

សូមជម្រាបថា គម្រោងដែលបានលើកឡើងក្នុងសិក្ខាសាលា មានការគាំទ្រចំនួន២០០គម្រោង លើ២០៩គម្រោង ស្មើនឹង៩៦% ក្នុងនោះមន្ទីរជំនាញគាំទ្រចំនួន១៧២គម្រោង ស្មើនឹង៨២% និងអង្គការមិនមែនរដ្ឋាភិបាលគាំទ្រចំនួន២៨គម្រោង ស្មើរនឹង១៤%៕