(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបំពាក់អំពូលភ្លើងដើម្បីលំអរហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវសាធារណៈ ដើម្បីលម្អរសោភ័ណ្ឌភាពក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងក្នុងពិធីឆ្លងឆ្នាំសកល២០១៩-២០២០ និងដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ចូលមកកំសាន្តនៅក្នុងខេត្តកោះកុង ឱ្យមានកំណើនខ្ពស់។

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមមន្ត្រីក្រោមឱវាទ និងមានការចូលរួមសហការជាមួយប្រជាពលរដ្ឋផងដែរ។

លោក ហាក់ ឡេង បានថ្លែងឲ្យដឹងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបំពាក់អំពូលភ្លើងអគ្គិសនី គឺអាជ្ញាធរបានដាក់បំពូលភ្លើងខ្សែតាមបង្គោលភ្លើងទាំងអស់ និងដាក់នៅតាមបង្កាន់ដៃស្ពានទាំងសងខាង និងតាមមុខសាលាទាំងអស់។

លោកបានបន្ថែមថា ការរៀបចំហេដ្ឋារចនានេះ ធ្វើឡើងដើម្បីលំអរតាមដងផ្លូវសាធារណៈក្នុងការទាក់ទងវិស័យទេសចរណ៍ឲ្យភ្ញៀវជាតិ-អន្តរជាតិចូលមកកម្សាន្តក្នុងខេត្តកោះកុងបានច្រើន។

លោកសូមអំពាវរនាវដល់ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិទូទាំងប្រទេស សូមឱ្យបើកបរគោរពច្បាប់ចរាចរណ៍គោរពគ្នាទៅវិញទៅមកចេះអនុគ្រោះឱ្យគ្នាយោគយល់គ្នា ចៀសវៀងការបង្កគ្រោះថ្នាក់ ហើយសូមឲ្យបងប្អូនដំណើរកម្សាន្ត ក្នុងការឆ្លងឆ្នាំសកលទទួលបានសុវត្តិភាពគ្រប់ៗគ្នា៕