(ភ្នំពេញ)៖ ទីតាំងអាជីវកម្មខារ៉ាអូខេមួយកន្លែង មានម្ចាស់ឈ្មោះ ងួន ស្រី ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលរឹងរូសមិនស្ដាប់ការណែនាំ និងបន្តចាក់សម្លេងរំខាន ទាំងគ្មានលិខិតអនុញ្ញាត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបិទចោលជាស្ថាពរហើយ បន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook។

ការណែនាំច្រើនលើក ក្រោយទទួលបានពាក្យបណ្ដឹង រហូតឈានទៅដល់ការបិទចោលជាស្ថាពរ នូវទីតាំងអាជីវកម្មខារ៉ាអូខេ មានម្ចាស់ឈ្មោះ ងួន ស្រី ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋខាងលើនេះ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងអាជ្ញាធរភូមិ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ជា ពិសី ថ្លែងថា មុនឈានដល់ការសម្រេចបិទចោលនូវអាជីវកម្មខារ៉ាអូខេ ខាងលើនេះ កន្លងមកអាជ្ញាធរភូមិ-សង្កាត់ បានចុះធ្វើការណែនាំដល់ ម្ចាស់អាជីវកម្មធ្វើការបន្ថយសំឡេង និងបញ្ឈប់ការចាក់ភ្លេងរហូតដល់ពេលយប់។ ផ្ទុយទៅវិញ ម្ចាស់ទីតាំងនេះ នៅតែរឹងរូសហើយបន្តចាក់ជា សំឡេងរំខានដដែលជាដដែល ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រៅពីរកឃើញអាជីវកម្មនេះ ពុំមានលិខិតអនុញ្ញាត និងស្ថិតនៅតំបន់មិនរៀបរយលើចំណីផ្លូវរថភ្លើងថែមទៀត។

លោកអភិបាលខណ្ឌ ព្រមានថា បន្ទាប់ពីបិទចោលជាស្ថាពរនូវអាជីវកម្មខារ៉ាអូខេ ដែលបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះហើយ បើសិនជាក្នុងករណីម្ចាស់ទីតាំង មិនព្រមអនុវត្តតាមការណែនាំនោះទេ ពោលគឺនៅតែបន្តលួចបើក នោះរដ្ឋបាលខណ្ឌ នឹងចាត់វិធានការចុះដកហូត យកសម្ភារមករក្សាទុក ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ៕