(ចិន)៖ ក្រសួងទេសចរណ៍ ត្រូវបានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបុណ្យទេសចរណ៍ម្ហូបអាហារអន្តរជាតិលើកទី១ ឆ្នាំ២០១៩ នៅទីក្រុង SANYA ខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសបើកសម្ពោធ នៃពិធីបុណ្យម្ហូបអាហារអន្តរជាតិដ៏ធំនេះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានផ្តល់កិត្តិយសឡើងថ្លែងសុន្ទរកថាបើក និងកាត់ខ្សែបូសម្ពោធពិព័រណ៍ទេសចរណ៍ ម្ហូបអាហារដែលមានជាង៤០០ស្តង់ និងមានការចូលរួមពី១៥ប្រទេសផ្សេងៗគ្នា ។

លោកស្រីបានលើកឡើងថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ កត្តាទាំងអស់នេះ ជាចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងរង្វង់ជាង៧%។

លោកស្រីបន្តថា កត្តាសុខសន្តិភាពក៏បានជំរុញឱ្យវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលត្រូវបានចាត់ទុកជា «មាសបៃតង» សម្រេចបាននូវកំណើនវិជ្ជមានពីរខ្ទង់ជារៀងរាល់ឆ្នាំ ដោយបានរួមចំណែកប្រមាណ ១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារសរុបប្រមាណជាង ២.៩លាននាក់ និងការងារដោយផ្ទាល់ជាង ៦២០,០០០ការងារ ស្មើនឹង១៣%នៃការងារសរុប។

លោកស្រីរដ្ឋលេខាធិការបន្តថា បច្ចុប្បន្នចិនបានក្លាយជាដៃគូវិនិយោគ និងអភិវឌ្ឍន៍ធំបំផុតលេខ១ របស់កម្ពុជាលើគ្រប់វិស័យ។ ជាក់ស្តែងសម្រាប់កម្ពុជា ទើបនឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងកាទូតរបស់ប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដោយកម្ពុជាបានទទួលស្វាគមន៍បេសកជនចិនចំនួន ២០០០នាក់ ហើយបន្តដោយក្បួនឡានចាង-មេគង្គការ៉ាវ៉ាន់ (Lanchang-Mekong Caravan Tours) ចេញដំណើរពីខេត្តយូណាន( ប្រទេសចិន) មកកាន់កម្ពុជា ដើម្បីអបអរសាទរឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ២០១៩ ផងដែរ។

លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ទេសចរណ៍ម្ហូបអាហារកម្ពុជា ក៏មិនខុសពីលក្ខណៈសម្បត្តិរបស់ទេសចរណ៍ម្ហូបអាហារអាស៊ាន ប្រជាជនចិន និងរបស់សកលលោក ទាំងមូលដែរ មានន័យថា ម្ហូបអាហារ គឺជាចំណងពាក់ព័ន្ធជាសារវ័ន្ត រវាងវប្បធម៌ សេដ្ឋកិច្ច និងសង្គម ទៅនឹងទំនៀមទម្លាប់ រស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងន័យនេះ «ម្ហូបអាហារ ជាទូតនាំសារ» អំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ ទៅកាន់ទេសចរជាតិ និងអន្តរជាតិ។

បច្ចុប្បន្ន ទន្ទឹមនឹងនិន្នាការសាកលលោក កម្ពុជានិងប្រទេសជាសមាជិកអាស៊ានដទៃទៀត ក៏បានផ្តួចផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការ លើទេសចរណ៍ម្ហូបអាហារនេះ ដោយកំពុងរៀបចំដាក់ចុះឲ្យមាន ផែនការមេអភិវឌ្ឍទេសចរណ៍ម្ហូបអាហារអាស៊ាន (ASEAN Gastronomy Tourism Master Plan)។

គំនិតផ្តួចផ្តើមថ្នាក់តំបន់នេះ នឹងក្លាយជាកាលានុវត្តភាព សម្រាប់ប្រទេសជាសមាជិក ក្នុងការដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការអភិវឌ្ឍ ទេសចរណ៍ម្ហូបអាហារនេះ។ ដោយឡែកកម្ពុជា បានដាក់ឱ្យដំណើរការនូវកិច្ចការងារចំនួន២ធំៗ នៅថ្នាក់ជាតិដើម្បីគាំទ្រ ដល់ការអភិវឌ្ឍ «ទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)» គឺ៖ ទី១) ការរៀបចំពិព័រណ៍ម្ហូបអាហារកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ និងទី២) ការបង្កើតឱ្យមាន «វិថីលក់ម្ហូបអាហារ (Food Street)» នៅគ្រប់រាជធានីខេត្តទាំងអស់របស់កម្ពុជា។

ក្នុងនាមក្រសួងទេសចរណ៍កម្ពុជា លោកស្រី ហ៊ុន ដានី រំពឹងថា ពិធីបុណ្យទេសចរណ៍ម្ហូបអាហារអន្តរជាតិ នៅខេត្តហៃណាន ប្រទេសចិននាពេលនេះ នឹងក្លាយជាឱកាសដ៏ធំក្នុងការពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព ឱកាសវិនិយោគ និងជំរុញចលនាទេសចរណ៍នៃបណ្តាប្រទេសដែលបានចូលរួម ជាពិសេសកម្ពុជា-ចិន កាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថាក្នុងរយៈពេល ១០ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥,២៩៦,០៨៨នាក់ កើន៩.៧% ក្នុងនោះទេសចរចិនចំនួន ២,០២៦,៥០២នាក់ កើនឡើង២៤.៤% ។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថាទទួលបានទេសចរអន្តរជាតិចំនួន ៧លាននាក់ ក្នុងនោះទេសចរចិនចំនួន ៣លាននាក់ និង ៥លាននាក់នៅឆ្នាំ២០២៥៕