(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងជម្រាបជូននាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងវរសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ថា ២១ឆ្នាំក្រោមការ អនុវត្តគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំប្រតិភូសម្ព័ន្ធមេត្រី ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំមកនូវថវិកា និងសម្ភារ មកប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចអន្តរាគមន៍៣៨៥ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថា បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងគិតគូរជានិច្ចពីជីវភាពរស់នៅ របស់យោធិនទាំងអស់នៅគ្រប់ទីកន្លែង។ ដោយឡែក យោធិននៅវរសេនាតូច៣៨៥ និងក្រុមគ្រួសារ ពិសេសក្នុងឱកាសឆ្នាំថ្មីនេះ សូមទទួលបានសេចក្តីសុខគ្រប់ប្រការតរៀងទៅ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ គីម ប៊ុនថា ក៏បានសួរសុខទុក្ខពីនាយកខុទ្ទកាល័យលោក ហូ សិទ្ធី និងថ្នាក់ដឹកនាំខុទ្ធការល័យសម្តេចតេជោទាំងអស់ ក៏ដូចជា ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជា លោកឧកញ៉ា ពង្ស ឃាវសែ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ដែលជានិច្ចជាកាលតែងគិតគូរ និងទៀងទាត់ណាស់ទោះបីអង្គភាពនេះ មិនមានចំណូលអ្វីដូចក្រុមហ៊ុនខ្លះ ប៉ុន្តែមុនរៀងរាល់ ៧មករា មុនចូលឆ្នាំ មុនបុណ្យភ្ជុំបិណ្ឌ គឺតែងតែមកមួយឆ្នាំ៣ដង យ៉ាងទៀងទាត់ តិចច្រើនគឺបាននាំយកនូវថវិកា និងសម្ភារមួយចំនួនមកជូនអង្គភាពនេះ។

«នេះបង្ហាញឲ្យឃើញពីការគិតគូរនឹករលឹពីនាយកខុទ្ទកាល័យសម្តេច បើសិនជាគ្នានការគិតគូរ គ្មានការជួយឧបត្ថម្ភពីលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ លោកឧកញ៉ា ពង្ស ឃាវសែ អគ្គនាយកធានាគារកាណាឌីយ៉ា និងមជ្ឈមណ្ឌុលវប្បធម៌ ក៏យើងពិបាក និងបានសម្រេចលើការងារនេះដែរ»។ នាយឧត្តមសេនីយ៍ គីម ប៊ុនថា គូសបញ្ជាក់។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំអាវុធយុទ្ធភ័ណ្ឌ ក្នុងការប្រយុទ្ធក្នុងការបំពេញ ភារកិច្ចកត្តា៣សំខាន់ ដែលត្រូវយកយកចិត្តទុកដាក់គឺ ទី១៖ មនុស្សសំខាន់ជាងគេ ទី២៖ ឆន្ទៈ និងទី៣៖ គឺការហ្វឹកហាត់ថែទាំសុខភាពខ្លួនឯងឲ្យបានល្អ។ អាវុធយុទ្ធភ័ណ្ឌទាំងអស់ត្រូវដុះខាត់លាងសម្អាត ហើយក៏ត្រូវយកចិត្តទុកដាក់ដល់ប្រព័ន្ធលែនដ្ឋានដែរ ពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាឃ្លាំងគ្រាប់ ត្រូវជុំរះស្មៅ កាត់ស្មៅជុំវិញឲ្យស្អាត ព្រោះនេះជារដូវប្រាំងផង៕