(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ Tablets ជូនដល់ឃុំសង្កាត់ក្នុងខេត្តស្វាយរៀង សម្រាប់អនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការកំណត់អន្តសញ្ញាណកម្មក្រីក្រតាមការស្នើសុំ។

លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀង បានបញ្ជាក់ថា ដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវ មានសង្គតិភាព មានប្រសិទ្ធភាព និងប្រើប្រាស់បានយូ ឃុំសង្កាត់នីមួយៗ ដែលទទួលបាន Tablets ១គ្រឿង ក្នុង១ឃុំសង្កាត់សរុប ៨០គ្រឿង សម្រាប់ប្រើប្រាស់អនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ និងការកំណត់អន្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងថែរក្សាឲ្យបានល្អប្រសើរ។ ចំពោះការប្រើប្រាស់ Tablets នេះ គឺជាការខ្ចីយកទៅប្រើប្រាស់បណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះស្ថិតនៅក្នុងការចុះបញ្ជីសារពើភណ្ឌ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តស្វាយរៀង។

លោក ម៉ែន វិបុល បានថ្លែងថា ការចែកជូននូវ Tablets ទៅដល់ឃុំ-សង្កាត់ទាំង៨០ នៅក្នុងខេត្តស្វាយរៀងនាពេលនេះ ជាបរិបទមួយដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទៅដល់ការផ្តល់សេវាជូនដល់ក្រុមគោលដៅ នៃគ្រួសារក្រីក្រ សម្រាប់ផែនទីមគ្គុទេ្ទសក៍ រយៈពេលវែង សម្រាប់ការកែទម្រង់ និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។ តាមរយៈការដាក់ចេញនូវផែនទីយុទ្ធសាស្ត្រ ធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន ព្រមទាំងលើកកម្ពស់សុខមាលភាព សមធម៌ សាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសង្គមជាតិ ដូចជាកម្មវិធីឧបត្ថមសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងទៀត ដែលត្រូវអនុវត្តន៍មុនគេ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើអ្នកទទួលបាន Tablets ត្រូវយកចិត្តទុកដាក់ស្តាប់ក្នុងការពន្យល់ពីរបៀបប្រើប្រាស់ ពីមន្ត្រីជំនាញ ដើម្បីធ្វើការឲ្យបានទាន់ពេលវេលា ស្របតាមកម្មវិធីដែលបានគ្រោងទុក និងធ្វើការប្រើប្រាស់តាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ៕