(ភ្នំពេញ)៖ វីរៈកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាស ជើងឯកពិភពលោក៤ សម័យកាល ហេីយស្ថិតនៅក្នុងក្របខណ្ឌក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាល​ដំឡេីងឋានន្តស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ)។

ពិធីបំពាក់ឋានន្តស័ក្តិ ដល់វីរៈការិនី កែ ឡេង ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំកីឡាស៊ីហ្គេមលើកទី២៣ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបូកសរុបលទ្ធផលការងារកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត នៅវិមានសន្តិភាព។

គួរជម្រាបថា កីឡាការិនី កែ ឡេង បានក្លាយជាម្ចាស់មេដាយមេដាយមាសប៉េតង់ ពិភពលោកជាលើកទី៤ ក្នុងការប្រកួតព្រឹត្តិការណ៍ប៉េតង់ ជើងឯកពិភពលោកយុវជន និងនារីលើកទី១៧។ ការឈ្នះមេដាយមាសជាលើកទី៤ នេះសម្រេចបានក្រោយយកឈ្នះកីឡាការិនីឡាវ BIVILAK THEPPHAKAN ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣៦ទល់នឹង២២ វិញ្ញាសាវាយយកពិន្ទុស្រ្តី។

លោកស្រី កែ ឡេង បានឈ្នះជើងឯកពិភពលោក ៤សម័យកាលជាប់ៗគ្នា គឺឈ្នះមេដាយមាសជើងឯកពិភពលោក នៅបារាំងឆ្នាំ២០១៣, បន្ទាប់មកនៅថៃឆ្នាំ២០១៥, នៅចិន ឆ្នាំ២០១៧ និងចុងក្រោយឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕