(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបល្បែងស៊ីសង (អាប៉ោង)មួយ កន្លែង ឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង០៧នាក់ ក្នុងនោះស្រី០២នាក់។

ប្រតិបត្តិការខាងលើ ធ្វើឡើងនាវេលាម៉ោង៨៖១៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចដំបូកទួលកកោះ ខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

លទ្ធផលបង្ក្រាបដកហូតបាន ចានអាប៉ោង០២ គំរបមួយ កំរាលភ្នែកអាប៉ោង០១ផ្ទាំង មេអាប៉ោងចំនួន០៥ និងលុយមួយចំនួន បានប្រគល់ទៅសាមីខ្លួនវិញ និងឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោង០៧នាក់ ក្នុងនោះស្រី០២នាក់ រួមមាន៖

ទី១៖ ឈ្មោះ រុំ វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់, ទី២៖ ឈ្មោះ ប្រាក់ ប្រុស ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់, ទី៣៖ ឈ្មោះ ទន សឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់, ទី៤៖ ឈ្មោះ ចាន់ រ៉ូ ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់, ទី៥៖ ឈ្មោះ អ៊ុក រ៉ុម ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់, ទី៦៖ ឈ្មោះ សឹង ហ៊ុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្ដាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី៧៖ ឈ្មោះ លៀង គឿម ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងប្រតិបត្តិការលោក ម៉ៅ ធនិន បាន ឱ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ វង់ល្បែងនេះបានចាប់ផ្តើមលេង១៥ថ្ងៃមកហើយ រហូតដល់បងប្អូនខ្លះចាញ់ល្បែងដាក់បញ្ចាំម៉ូតូ និងឈានដល់ទំនាស់ក្នុងក្រុមគ្រួសារប្តឹងលែងលះប្តីប្រពន្ធទៀត។ ប៉ុន្មានថ្ងៃកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យយើង បានឈ្លោះគ្នាប្តីប្រពន្ធ ប្តឹងកាត់លក់ដី សម្រាប់ទិញមេអាប៉ោង Electronic ដែលមានតម្លៃរហូតដល់ម៉ឺនដុល្លារ ដើម្បីមកបោកប្រាស់បងប្អូនយើង តែត្រូវបានឯកឧត្តមសម្របសម្រួល ដោះស្រាយបញ្ឈប់ជាបន្ទាន់ ចំពោះករណីនេះ។ យ៉ាងណាមិញបងប្អូនពូៗចាស់ហើយ ម្តេចមិនខិតខំប្រែងប្រែងធ្វើបុណ្យរក្សាសីល បែរមកបង្កើតវង្សល្បែងបែបនេះ តើលទ្ធផលវាជិះគម្រូអាក្រក់យ៉ាងណា ដល់ក្មេងៗជំនាន់ក្រោយ។

ដោយមានចិត្តសន្តោសប្រណីជាឪពុកម្តាយប្រជាពលរដ្ឋទូទាំងខេត្ត ជនញៀនល្បែងទាំង០៧នាក់ ត្រូវបានលោកប្រគល់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ធ្វើកិច្ចសន្យាបញ្ឈប់ និងអប់រំ ឱ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ៕