(ភ្នំពេញ)៖ ដើម្បីបន្តចូលរួមលើកកម្ពស់ការថែទាំ និងព្យាបាលដល់ប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា និងទារក ពេលនេះ មន្ទីរពេទ្យសម្ភពសោភា បានពង្រីក និងដំណើរការសាខាថ្មីមួយទៀតគឺ មន្ទីរពហុព្យាបាល សម្ភពសោភា មានជ័យ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៦៧ មហាវិថី សម្តេចមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ទីរពេទ្យសម្ភពសោភា ដែលឈានមុខក្នុងការផ្តល់សេវាវេជ្ជសាស្រ្ត ២៤ម៉ោងលើសេវាថែទាំ ការពារនិងព្យាបាលជំងឺបានចាប់ដំណើរការតាំងពីឆ្នាំ១៩៩២ មានសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសមានវិជ្ជាជីវៈខ្ពស់បទពិសោធន៍យូរឆ្នាំ ដែលបានបញ្ចប់ការសិក្សាពីបរទេស និងក្នុងប្រទេស ព្រមទាំងមានបុគ្គលិក ផ្តល់សេវាគោរពក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ប្រកបដោយគុណធម៌ និងសុជីវៈធម៌។

មន្ទីរពេទ្យសម្ភពសោភាមានបំពាក់នូវសម្ភារៈបរិក្ខារពេទ្យទាន់សម័យទំនើបចុងក្រោយស្របតាមស្តង់ដារជាតិនិងអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តការងារមន្ទីរពេទ្យប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។

លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភា មានជ័យ បានថ្លែងថា៖សម្ភពសោភា មានជ័យ មានផ្តល់សេវាថែទាំ មុនសម្រាល សម្រាលកូននិងក្រោយសម្រាលកូន មានពិនិត្យពិគ្រោះជំងឺ ព្យាបាលជំងឺទូទៅ វះកាត់ ជំងឺកុមារនិងទារកទើបកើត ដោយគ្រូពេទ្យឯកទេសមានបទពិសោធន៍ច្រើនឆ្នាំ ។

លើសពីនេះ មន្ទីរពហុព្យាបាល សម្ភពសោភា មានជ័យ ក៏មានផ្តល់សេវា ពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះ ជំងឺបេះដូង ទារកទើបកើត។ចំណែកបន្ទប់ធំទូលាយ ស្អាត និងមានផាសុកភាព។ សាខាថ្មីនេះ បានដំណើរការផ្តល់សេវាចាប់ពីខែ កក្កដា ឆ្នាំ ២០១៩ និងបានសម្ពោធដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ២០១៩នេះ។

លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត បានបញ្ជាក់ថា «ប្រជាពលរដ្ឋនឹងទទួលបានការយកចិត្តទុកដាក់ប្រកបដោយគុណធម៌ និងទំនុកចិត្តយ៉ាងកក់ក្តៅ ពីមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ដែលផ្តោតលើគុណភាព ប្រសិទិ្ឋភាព និង សុវត្ថិភាពជាចំបង»

សូមជម្រាបថា សាខាមន្ទីរពេទ្យសម្ភពសោភា មានមន្ទីរពេទ្យសម្ភពសោភាទី១, សម្ភពសោភាវីអាយភី និង សម្ភពសោភា ហ្គោល ដែលមានទីតាំងនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ចំណែកមន្ទីរពហុព្យាបាល សម្ភពសោភាមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕