(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃកម្ពុជា កំពុងតែពិចារណា ដាក់ចេញគោលនយោបាយជាតិ គាំពារសង្គមចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលដល់មន្ដ្រីរាជការ ស្ដ្រីមានផ្ទៃពោះ កុមារ ចាស់ជរា ជនពិការ និងផ្ដល់អាហារូបករណ៍ជូនសិស្សនៃគ្រួសារក្រីក្រផងដែរ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ក្នុងឱកាសដែលលោកបណ្ឌិត ចូលមកពន្យល់លម្អិត ពាក់ព័ន្ធប្រធានបទ៖ «គុណតម្លៃការអនុវត្តគោលនយោបាយ គាំពារសង្គមនៅកម្ពុជា»។

បណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំអាចជម្រាបជូនបានថា យើងកំពុងតែគិតគូ ទៅលើយ៉ាងហោចណាស់៤ចង្កោម នៃសកម្មភាពបន្ដទៅមុខទៀត ដែលក្នុងនោះ ទី១៖ បន្ដអនុវត្ដនូវកម្មវិធី ផ្ដល់អាហារតាមសាលារៀន។ កម្មវិធីនេះ នឹងចាប់ផ្ដើមនៅក្នុង២០២០»

បណ្ឌិត ចន ណារិទ្ធ បន្ដថា «យើងផ្ដល់អាហារតាមសាលារៀន នៅតាមសាលាបឋមសិក្សា ដោយប្រើប្រាស់នូវកសិផលរបស់សហគមន៍ ខុសពីការអនុវត្ដកន្លងមក ដែលនាំចូលផលិត ត្រីខកំប៉ុង និងប្រេងឆាជាដើម។ កម្មវិធីនេះ ប្រែក្លាយឲ្យទៅជាប្រើប្រាស់បែបសហគមន៍វិញ ដោយប្រើប្រាស់កសិផលរបស់សហគមន៍ ដែលធ្វើឲ្យកម្រិតអាហារូបត្ថម្ភច្រើនជាងមុន និងឆ្ងាញ់ជាងមុន ព្រមទាំងជួយសហគមន៍ឲ្យមានទីផ្សារ»

ជាមួយគ្នានោះ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បានគូសបញ្ជាក់ផងដែរកម្មវិធីនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានសម្របសម្រួលកិច្ចការនេះ ជាក្រសួងអប់រំ យុវជន និងកីឡា យ៉ាងយកចិត្ដទុកដាក់ ដោយមានការចូលរួមពីដៃគូអន្ដរជាតិ ដែលផ្ដល់ជំនួយបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីនេះកាន់តែល្អប្រសើរ។

ដោយឡែកកម្មវិធីទី២៖ កម្មវិធីរបបសន្ដិសុខផ្នែកសោធន។ បណ្ឌិត ចន ណារិទ្ធ បានឲ្យដឹងថា កម្មវិធីនេះជួយយើង (មន្ដ្រីដែលកំពុងបំពេញការងារ នៅក្នុងវិស័យសាធារណៈ) នៅពេលដែលជួបហានិភ័យអ្វីមួយ ពេលកំពុងបំពេញការងារ។ កម្មវិធីនេះ នឹងដាក់ឲ្យដំណើរការ នាពេលឆាប់ៗខាងមុខនេះ។

ទី៣៖ កម្មវិធីរបបសន្ដិសុខ ផ្នែកហានិភ័យការងារ ទៅដល់មន្ដ្រីរាជការ បន្ថែមទៅផលប្រយោជន៍កំពុងទទួលបាន បន្ថែមទៅលើការគាំពារសុខភាព។ និងទី៤៖ កម្មវិធីជំនួយសង្គម ដែលមានលក្ខណៈជាកញ្ចប់គ្រួសារ ដើម្បីឧបត្ថម្ភប្រាក់ជូនស្ដ្រីមានផ្ទៃពោះ កុមារដែលមានអាយុក្រោម២ឆ្នាំ គ្រួសារក្រីក្រ ចាស់ជរា ជនពិការ និងប្រាក់អាហារូបករណ៍ ដើម្បីបន្ដការសិក្សានៅក្នុងកម្រិត ចេញពីបឋមសិក្សាទៅវិទ្យាល័យ។

គូសបញ្ជាក់ថា ដើម្បីចូលរួមធានានូវសន្តិសុខប្រាក់ចំណូល របស់មន្ត្រីសាធារណៈ និងដើម្បីរួមចំណែកកាត់បន្ថយគម្លាតរវាងនិវត្តជនចាស់ និងថ្មី, ក្នុងឆ្នាំ២០១៩នេះ, រាជរដ្ឋាភិបាល បានរ៉ាប់រងចំណាយទាំងស្រុង លើការឧបត្ថម្ភ ប្រាក់សោធន ដោយរាជរដ្ឋាភិបាលបានវិភាជថវិកាចំនួន ៩២៦,៦៧១លានរៀល។

ក្នុងឆ្នាំ២០១៩នេះដែរ, រាជរដ្ឋាភិបាល ក៏បានវិភាជថវិកាចំនួន៥០ប៊ីលានរៀល ដើម្បីទ្រទ្រង់របបថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលក្នុងនោះ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩, ប.ស.ស បានទូទាត់ចំណាយចំនួន ៨១,៦៧៧ករណី។

ជាមួយគ្នានេះ, ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាល ក៏បានផ្តល់ការថែទាំសុខភាព ដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាលជូនគ្រួសារក្រីក្រ និងក្រុមពលរដ្ឋដ៏ទៃទៀត ដែលរួមមាន កម្មករ ក្រៅប្រព័ន្ធ អ្នកធាក់ស៊ីក្លូ កីឡាករជម្រើសជាតិ សមាជិកក្រុមប្រឹក្សាក្រុមប្រឹក្សាភូមិ-ឃុំ និងក្រុមគ្រួសារពលីមរណៈ។ ក្នុងឆ្នាំ២០១៩នេះ, រាជរដ្ឋាភិបាល បានវិភាជថវិកាសរុបប្រមាណ៨០ប៊ីលានរៀល បូកបន្ថែមថវិការបស់ដៃគូ អភិវឌ្ឍន៍ចំនួនប្រមាណ៣៤ប៊ីលានរៀល សម្រាប់អនុវត្តកម្មវិធីនេះ។

ដោយឡែក សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន និយោជកជាអ្នករ៉ាប់រងទាំងស្រុងលើការបង់ភាគទានចូលក្នុងរបបថែទាំសុខភាព ដោយគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩, ប.ស.ស. ប្រមូលវិភាគទាន និងបានចំណាយទូទាត់ទៅវិញសរុបចំនួន ២,០៧៦,៤១៦ករណី។ របបហានិភ័យការងារ ក៏ត្រូវទទួលបន្ទុកទាំងស្រុង ដោយនិយោ-ជកផងដែរ ដែលគិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩នេះ ប.ស.ស ប្រមូលភាគទាន និងបានចំណាយទូទាត់វិញ ចំនួន១៣,៨៩៨ករណី៕