(កំពង់ឆ្នាំង)៖ អ្នកគ្រូ ស៊ន មាលា ជាគ្រូបង្រៀនសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាសេះស្លាប់ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ បាននិយាយថា សាលាឋមសិក្សាសេះស្លាប់ ពីមុនមកមានអាគារសិក្សាសង់អំពីឈើ២ខ្នង ៦បន្ទប់ ជាអាគារបណ្តែតលើទឹកទន្លេសំរាប់ឲ្យសិស្សរៀនសូត្រ។ ចំណែកសិស្សានុសិស្សត្រូវជិះទូក ជិះក្បូនឬស្សីខ្លះជិះចានដែក មករៀនក៏មាន ដែលអាចជួបនូវហានិភ័យ យ៉ាងខ្លាំងចំពោះសិស្សតូចៗ ។

ក្រោយមកតាមផែនការរបស់អាជ្ញាធរខេត្ត អគាររបស់សាលាក៏ត្រូវបន្លាស់ទីឡើង មកនៅលើគោកដូចប្រជាពលរដ្ឋក្នុងភូមិឃុំ ដែលត្រូវបន្លាស់ទីផងដែរ។ ដោយឡែក ពេលសាលាមករៀនលើគោក ខ្វះទឹក ខ្វះភ្លើង សំរាប់បង្រៀន និងរៀន ធ្វើឲ្យគ្រូនិងសិស្សជួបនូវការលំបាកយ៉ាងខ្លាំងផងដែរ។ សព្វថ្ងៃនៅក្នុងសាលាបឋមសិក្សាសេះស្លាប់ មានសិស្សសរុបជាង១០០នាក់ និងមានគ្រូបង្រៀន៣នាក់ គឺពេលព្រឹករៀន៣ថ្នាក់ និងពេលរសៀលរៀន៣ថ្នាក់។

អ្នកគ្រូ ស៊ន មាលា បានបន្តថា ដោយពិនិត្យឃើញ គ្រូ និងសិស្សក្នុងសាលាជួបការលំបាកដូចខាងលើនេះ តាមរយៈអាជ្ញាធរឃុំ ស្រុក និងខេត្ត សម្តេចជវាហ្វាំង គង់ សំអុល ប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ និងស្នើសុំ ហើយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសព្វព្រះរាជហរទ័យ ជួយកសាងសាលាបឋមសិក្សាសេះស្លាប់នេះ ចំនួន២ខ្នង ក្នុង១ខ្នង មាន៦បន្ទប់ ខ្ពស់ផុតពីទឹក ដើម្បីឲ្យសិស្សានុសិស្ស មានបន្ទប់រៀនសូត្រស្រួលបួល។ ចំណែកផ្លូវលំ អណ្តូងទឹក និងអគ្គីសនី ត្រូវបានក្រុមការងារសម្តេចឪ និងអាជ្ញាធរខេត្តជួយរៀបចំ ឲ្យមានប្រើប្រាស់ដោយមិនមានការខ្វះខាតផងដែរ។

ក្នុងនាម លោកគ្រូ អ្នកគ្រូ ជំនួសមុខឲ្យមាតា បិតា ជាអាណាព្យាបាលនៃសិស្ស សូមថ្លែងអុំណរគុណយ៉ាងជ្រាលជ្រៅ ដល់ព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ សម្តេចជវាហ្វាំង គង់ សំអុល ដែលបានជួយកសាងសាលាបឋមសិក្សានេះឡើង ដើម្បីឲ្យសិស្សានុសិស្សបានរៀនសូត្រ ដោយស្រួលទៅតាមស្តង់ដាក្រសួងអប់រំ ដែលសង្ឃឹមថា នៅថ្ងៃខាងមុខសិស្សានុសិស្ស នៅទីជនបទភូមិសេះស្លាប់នេះ និងមានអនាគតល្អ។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានឲ្យដឹងដែរថា អំណោយព្រះមហាក្សត្រ គឺជួយកសាងសាលា២ខ្នង ១២ បន្ទប់ ដែលធ្វើខ្ពស់ផុតពីដី ដើម្បីការពារកុំឲ្យទឹកទន្លេធំឡើងលិច។ ក្នុងនោះដែរគឺ១ខ្នង សំរាប់សាលាបឋមសិក្សា សេះស្លាប់ និង១ខ្នងទៀត សំរាប់អនុវិទ្យាល័យសេះស្លាប់ ព្រោះថា ពេលសិស្សរៀនចប់បឋមសិក្សា និងមានអនុវិទ្យាល័យ នៅក្នុងភូមិបានចូលរៀនតែម្តង ដោយមិនបាច់ឲ្យសិស្សដែលក្រីក្រ ធ្វើ ដំណើរទៅរៀននៅវិទ្យាល័យឆ្ងាយៗឡើយ។

លោកមេឃុំឆ្នុកទ្រូ បានបញ្ជាក់ឲ្យដឹងទៀតថា មកដល់ពេលនេះ សាលាទាំង២ខ្នង ខាងលើនេះ កំពុងសាងសង់បានប្រមាណ៧០%ហើយ ដោយសង្ឃឹមថា រយៈពេល២ ទៅ៣ខែខាងមុខនេះ បើក្រុមជាងធ្វើជាប់រាល់ថ្ងៃ សាលាទាំង២ខ្នងនេះនឹងធ្វើរួច ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀន ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕