(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្លែងសាររំលែកទុក្ខ ចំពោះការបាត់បង់លោក ស៉ីន សេដ្ឋាកុល ដែលជាចៅប្រុសច្បងរបស់អធិរាជ សំឡេងមាស លោកស៉ីន ស៉ីសាមុត។

ស្ថានទូតអាមេរិកបានថ្លែងសាររំលែកទុក្ខតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «វាពិតជាគួរឱ្យសោកស្តាយណាស់ យើងបានដឹងអំពីការបាត់បង់ លោកស៉ីន សេដ្ឋាកុល ជាចៅប្រុសច្បងរបស់អធិរាជ សំឡេង មាស លោកស៉ីន ស៉ីសាមុត។ លោក សេដ្ឋា កុល គឺជាអ្នកស្នងមរតកនៃបទចំរៀង១៣០ របស់លោកតាស៉ីន ស៉ីសាមុត»

«នៅខែមេសាឆ្នាំ២០១៥ គាត់បានតំណាងអធិរាជ សំឡេង មាសតាមរយៈការសម្តែងបទចម្រៀង ចំប៉ាបាត់ដំបង និង កុំស្មានបងភ្លេច នៅទីក្រុងញូវយ៉ក ជឺស៉ីស ឡូវែល និង Sliver Spring ដែលជាផ្នែកមួយនៃការបញ្ចាំងខ្សែភាពយន្ត កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្រ្តីរ៉ក់ ។ យើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ របស់លោកនិងប្រជាជនកម្ពុជា។ មរតករបស់គាត់នឹងត្រូវបានចងចាំរហូតទៅ»។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា គូសបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា លោក ស៉ីន សេដ្ឋាកុល ទទួលមរណភាព ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដំណឹងមរណភាពនេះ បានធ្វើឲ្យអ្នកសិល្បៈទាំងជំនាន់មុន និងជំនាន់ក្រោយ បានសម្ដែងនូវការសោកស្តាយយ៉ាងខ្លាំង ខណៈមនុស្សដ៏មានទេពកោសល្យ និងមានជាប់សាច់ឈាមជាមួយនឹងអ្នកសិល្បៈដ៏ល្បីល្បាញផងនោះ ត្រូវបានបាត់បង់។

លោក ស៉ីន សេដ្ឋាកុល ត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតរបស់លោកស៉ីន ច័ន្ទឆាយា ដែលឪពុករបស់លោកក៏ទទួលមរណភាព ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលដូចគ្នា ពេលដួលក្នុងបន្ទប់ទឹក។ លោក គឺជាចៅ ជាកូន ជាប្តី ជាបងប្អូន និងជាឪពុកមានចរឹតស្លូតបូត សុភាពរាបសារ គោរពចាស់ទុំ និងជាបង្គោល ដ៏រឹងមាំរបស់គ្រួសារ។

លោក ស៉ីន សេដ្ឋាកុល បានទទួលមរណភាពក្នុងវ័យ ៣៧ឆ្នាំ ហើយសពកំពុងតែតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់ញាតិមិត្តជិតឆ្ងាយ ជាពិសេសសិល្បករ-សិល្បការិនី ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព ដែលបានបាត់បង់មនុស្សជាទីស្រលាញ់នៅពេលនេះ៕