(កំពង់ចាម)៖ ដើម្បីលើកកម្ពស់លើវិស័យព្រះពុទ្ធសាសនា និងគិតដល់សុខទុក្ខរបស់លោកយាយលោកតា នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នេះ លោក ប៊ន សំអាត និងលោកស្រី បានធ្វើពិធីបុណ្យ ពុទ្ធាភិសេក ឆ្លងសាលាឆទានមួយខ្នង ទុកសម្រាប់ លោកតាលោកយាយ សមាទានសីល ស្ថិតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោក ប៊ន សំអាត បានបញ្ជាក់ឲ្យដឹងថា ស្របពេលជាមួយប្រទេសកម្ពុជាយើងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ហើយដោយសារពាក្យ «សន្តិភាព» ទើបយើងមានឱកាស និងថវិកាសាងសង់សាលាឆទានមួយនេះ។

ជាមួយគ្នានេះ វិស័យព្រះពុទ្ធសាសនាក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយមានការស្ថាបនាទីអារាមគ្រប់តំបន់នៅតាមបណ្តា រាជធានី-ខេត្ត ទូទាំងប្រទេស សម្រាប់ទុកជូនបងប្អូនប្រជាពលរដ្ឋធ្វើពិធីផ្សេងៗទៅតាមបែប ផែនរបស់​អ្នកកាន់​សាសនាព្រះពុទ្ធ ដើម្បីទទួលបានស្ងប់កាយ ស្ងប់ចិត្ត និងទទួលបានក្តីសុខរៀងៗខ្លួន។

លោក ប៊ន សំអាត មានលើកឡើងបន្តថា ឈរលើកត្តាខាងលើនេះ និងដោយសារកន្លងមក លោកបានសង្កេតឃើញលោកតាលោកយាយ នៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀមនេះ បានធ្វើដំណើរទៅសមាទានសីល នៅទីអារាមជារៀងរាល់ថ្ងៃសីល ដែលមានចម្ងាយឆ្ងាយពីលំនៅដ្ឋានរបស់ពួកគាត់។

ហេតុដូច្នេះហើយទើបលោក និងភរិយាព្រមទាំងក្រុមគ្រួសារ បានពិភាក្សានិងមូលមតិគ្នាកសាងសាលាឆទាន មួយខ្នងនៅក្នុងដីឡូត៍របស់លោក ដែលគិតជាប្រាក់ អស់ប្រមាណជាជាង ១០ម៉ឺនដុល្លារ ទុកសម្រាប់លោកតាលោកយាយ មកស្នាក់អាស្រ័យសមាទានសីលគ្រប់ៗគ្នានៅក្នុងតំបន់នេះរហូតតែម្តង។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យនេះលោកប៊ន សំអាត និងក្រុមគ្រួសារ បានធ្វើការផ្ដល់អំណោយដល់លោកតាលោកយាយ ជាង១០០នាក់ ក្នុងនោះម្នាក់ៗ ទទួលបាន អង្ករ, ភួយ, មីកញ្ចប់, សារុង រួមនិងថវិកាមួយចំនួនផងដែរ៕