(កោះកុង)៖ ព្រោះតែខឹងប្រពន្ធសុំច្រៀងចម្រៀងមួយបទ មានចំណងជើងថា «អ្នកម្តាយកំសត់» បុរសជាប្តីទាញកាំបិតបុ័ងតោ កាប់ទៅលើប្រពន្ធ និងកូនស្រីបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ភា្លមៗត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង៣៖៣០នាទីទៀបភ្លឺនារាត្រីឆ្លងឆ្នាំសកល ស្ថិតនៅចំណុចខារ៉ាអូខេ «សពយុទ្ធជន» ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ករណីបង្កអំពើហិង្សានេះ បង្កឡើងដោយជនសង្ស័យមានឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ថូ សុខណា អាយុ៣១ឆ្នាំ មានមុខរបរបើកខារ៉ាអូខេ បណ្តាលឱ្យរងរបួសធ្ងន់ និងកូនឈ្មោះ ទុំ សោភា ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស បានរបួសធ្ងន់ត្រូវបានសង្គ្រោះមកព្យាបាល នៅមន្ទីរពេទ្យខេត្ត។

ចំណែកឯជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីព្យាយាមជិះម៉ូតូរត់គេចខ្លួន ដោយមានការសហការពីសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកកោះកុង ឃាត់ខ្លួននៅចំណុចផ្លូវលេខ៤៨ ប៉ុស្តិ៍តាតៃក្រោម។

តាមការសួរចម្លើយបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធបានឱ្យប្តីចាក់បទចម្រៀង «អ្នកម្តាយកំសត់» ដើម្បីច្រៀងលេង ហើយ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមឱ្យចាក់បទនោះទេ ដោយសារតែម្តាយទើបតែស្លាប់នាំឱ្យពិបាកចិត្ត ហើយយំ តែប្រពន្ធនៅតែចាក់ទើបធ្វើឱ្យមានការឈ្លោះប្រកែកគ្នា រហូតដល់ប្រើអំពើហិង្សា។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕