(ស្វាយរៀង)៖ ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរទៅកំសាន្ត នៅរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង មានចំនួនសរុប ៧,១៨៩នាក់ ក្នុងនោះមានស្រី ៣១៥នាក់ ក្នុងនោះភ្ញៀវបរទេសសរុប១០នាក់ ស្រី០៤នាក់ មានការកើនទ្បើងចំនួន ១៩នាក់ ស្មើនឹង២.៨៤ % បើធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៦៨នាក់។

បើយោងតាមលោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានប្រាប់ភ្នាក់ព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះថា ភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកំសាន្តមាននៅរមណីយដ្ឋានទេសចរណ៍ ប្រាសាទបាសាក់ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ និងនៅរង្វង់មូលក្រុងស្វាយរៀង។

លោកប្រធានមន្ទីររូបនេះ បានបញ្ជាក់ទៀតថា ការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តនេះ ដោយសារមានការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តស្វាយរៀង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាដូចជា ប្រាសាទព្រៃបាសាក់ជាដើម ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕