(កែប)៖ ស្របពេលដែលពាក្យ «អរគុណសន្តិភាព» ត្រូវបានប្រជាពលរដ្ឋខ្មែរយកមកផ្សព្វផ្សាយបន្ត យ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមនោះ ពាក្យមួយឃ្លានេះ ក៏ត្រូវបានយកទៅចងនៅតាមក្រសួង-ស្ថាប័ននានារបស់រដ្ឋ មានទាំងសាលារៀន មណ្ឌលសុខភាព មូលដ្ឋានកងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាល និងសាលារាជធានី-ខេត្ត ស្ទើរទូទាំងប្រទេសផងដែរ។

ទន្ទឹមគ្នានេះដែរ សម្រាប់ខេត្តកែបវិញ ត្រូវបានគេកត់សម្គាល់ឃើញថាពាក្យស្លោក «អរគុណសន្តិភាព» ត្រូវបានយកទៅបិទនៅតាមស្ថាប័នរដ្ឋ រួមមានមន្ទីរ និងការិយាល័យនានា ជុំវិញខេត្តយ៉ាងព្រោងព្រាត។ សកម្មភាពនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាទាំងអស់ ត្រូវការសន្តិភាពជាខ្លាំងបំផុត។

គួរបញ្ជាក់ថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្ញើសារជូនដល់ប្រជាជាតិ ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់។

តាមរយៈ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រី, សម្តេចក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យបានគង់វង្ស។ សម្តេចថែមទាំងបានជូនពរ ដល់បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី២០២០ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អគ្រប់ៗគ្នាផងដែរ។

លើសពីនេះទៅទៀត នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះដែរ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ ហើយមនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព៕