(ភ្នំពេញ)៖ រយៈពេល២ថ្ងៃមកនេះ គឺនៅថ្ងៃចុងក្រោយឆ្នាំ២០១៩ និងថ្ងៃដំបូងនៃឆ្នាំ២០២០ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មិនថាអ្នកនយោបាយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ឬប្រជាពលរដ្ឋខ្មែរទូទៅបានជួបជុំគ្នាសប្បាយរីករាយ ដើម្បីអបអរសាទរជាមួយបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២០។
ស្របពេលកំពុងសប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីនេះបណ្តាក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅបាននឹកឃើញដល់សន្តិភាព ដែលថ្នាក់ដឹកនាំកម្ពុជាខិតខំរកមកដោយលំបាក និងបានបង្ហោះសារថ្លែងអណរគុណដល់សន្តិភាពជាបន្តបន្ទាប់ ដោយសារតែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋសម័យនេះ ទទួលផ្លែផ្កាគ្រប់បែបយ៉ាង ហើយមានឱកាសជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យទាន ក៏ដូចជាឱកាសផ្សេងៗទៀត។
កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស ជាពិសេសនៅដំណាក់កាលក្រោយសម័យសង្គមរាស្ត្រនិយម។ សង្គ្រាមរ៉ាំរ៉ៃនេះ បានចាប់ផ្តើមកើតឡើងចាប់តាំងពីមានរដ្ឋប្រហារទម្លាក់សម្តេច នរោត្ត សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ និងបន្តធ្វើឱ្យកម្ពុជាវិនាសហិនហោចស្ទើរតែទាំងស្រុងនៅពេលខ្មែរក្រហមវាយផ្តួលរំលំរបប «លន់ នល់» ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ «ប៉ុលពត» បានសម្លាប់ប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់។
ប្រជាជនខ្មែរ ត្រូវបានសង្គ្រោះចេញពីរបបយង់ឃ្នងវាលពិឃាត នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដោយកម្លាំងរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដឹកនាំដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម។ ប៉ុន្តែទោះបីជាមានការរំដោះប្រជាជនខ្មែរ ឱ្យបានរស់រានរានមានជីវិតយ៉ាងណាក្តី កម្ពុជាពេលនោះនៅតែមិនទាន់មានសន្តិភាពនៅឡើយទេ ដោយសារកម្ពុជាមួយមានតំបន់ត្រួតត្រា៤។ ដោយឡែកខ្មែរក្រហម ទោះបីជារត់ចេញពីទីក្រុងភ្នំពេញ ក៏មិនទាន់រលាយបាត់ទាំងស្រុង ដោយពួកគេបន្តពួនច្បាំង ដូចទ័ពព្រៃនៅព្រំដែនភាគខាងលិច ក្នុងប្រទេសកម្ពុជា។
ការខិតខំស្វែងរកសន្តិភាព ក្រោមការសម្របសម្រួលដោយព្រះមហាវីរៈក្សត្រ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជា ស្គាល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប៉ុន្តែកិច្ចព្រមព្រៀងនេះ ក៏នៅតែធ្វើឱ្យកម្ពុជាមិនទាន់ទទួលបាន នូវសន្តិភាពពេញលេញ ដោយសារតែក្រុមខ្មែរក្រហមនៅតែពុំទាន់ទម្លាក់អាវុធនៅឡើយទេ ហើយមានការផ្ទុះអាវុធជាញឹកញាប់ ដែលធ្វើឱ្យកម្ពុជា មានការលំបាកក្នុងការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍទៅមុខ ដែលទាមទារឱ្យមានយន្តការថ្មីមួយទៀត ដើម្បីដោះស្រាយបញ្ហានេះ។
ទីបំផុត ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាក៏ចាប់ផ្តើមស្គាល់សន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីបុរសខ្លាំងកម្ពុជា បានដាក់ចេញនូវលក្ខខណ្ឌធានា៣យ៉ាង ដល់កងទ័ពខ្មែរក្រហមដែលបានផ្តាច់ខ្លួនក្នុងនោះមានទី១៖ ធានាអាយុជីវិត, ទី២៖ ធានាទ្រព្យ និងទី៣៖ ធានាអាជីព មិនឱ្យបាត់បង់នោះទេ។ សន្តិភាពពេញលេញរបស់កម្ពុជា បានគិតចាប់តាំងពីពេលមេដឹកនាំខ្មែរក្រហម ចូលទៅចរចារជាមួយសម្តេចតេជោ ហ៊ុន សែន ដល់គេហដ្ឋាននៅក្រុងតាខ្មៅ។
រហូតមកដល់ពេលនេះ កម្ពុជាមានសន្តិភាពពេញលេញមានរយៈពេល២១ឆ្នាំហើយ ជាមួយនឹងការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់។ កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំៗ ចំណែកឯផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GDP) បានកើនដល់១៦០០ដុល្លារ នៅឆ្នាំ២០១៩។ កម្ពុជាបច្ចុប្បន្ន បានប្រែក្លាយពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយមានមហិច្ចតានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០។
ជាមួយនឹងភាពសប្បាយរីករាយចំពោះបុណ្យចូលឆ្នាំសកល ប្រកបដោយភាពសុខសាន្តប្រជាពលរដ្ឋខ្មែរ ដែលថ្លែងអំណរគុណដល់សន្តិភាព បានប្តេជ្ញាចិត្ត ចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសនេះឱ្យមានស្ថិរភាព និងនិរន្តរភាពផងដែរ។
សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានគាំទ្រសារនយោបាយ «អរគុណសន្តិភាព»។ នៅលើទំព័រ Facebook នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា សន្តិភាពនេះ មានតម្លៃមិនសាបសូន្យមិនថានាពេលកន្លង ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ សម្តេចតេជោ បន្ថែមថា មនុស្សទាំងអស់ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព៕