(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យជាក់ស្តែង បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្ត បានចេញលិខិតជូនដំណឹងលេខ៥៥០៩ រប/១៩ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលឲ្យប្រជាពលរដ្ឋចំនួន០៧គ្រួសារ និងគ្រួសារផ្សេងទៀត រុះរើសំណង់ផ្សេងៗចេញដោយស្ម័គ្រចិត្តរៀងៗខ្លួន ពីទីតាំងរស់នៅក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៅចំណុចអូរកន្ធាយ ត្រង់និយាមការលេខ (០៣០៣៤៩-១៣២៩៥០៩) ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការចុះពិនិត្យជាក់ស្តែងនាពេលនេះ បានការចូលរួមពីអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងអាវុធហត្ថខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ ភូមិ តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កងរាជអាវុធហត្ថផ្ទៃប្រទេសប្រចាំអង្គការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានឲ្យដឹងថា ឃុំអូរសោម គឺជាឃុំដំបូងគេបង្អស់ ដែលឯកឧត្តមបានយកបេះដូង ក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមក្រុមគ្រួសារតែមួយ ដើម្បីរួមសុខរួមទុកជាមួយគ្នា ចាប់តាំងពីឯកឧត្តម បានមកដឹកនាំយន្តការក្នុងខេត្តពោធិ៍សាត់។ ជាការពិតណាស់ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាង ដែលទទួលបាននូវសមិទ្ធិផលជាច្រើនពីរាជរដ្ឋាភិបាល ក្រោមម្លប់នៃសន្តិភាព ដែលរកបានដោយលំបាក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាទំនប់វ៉ារីអគ្គិសនីអាតៃ នៅឃុំអូរសោម, ទំនប់ស្ទាក់ទឹកទី៣ និងទី៥ នៅស្រុកភ្នំក្រវាញ, ផ្លូវជាតិលេខ៥៥ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា, ជាពិសេសផ្លូវជាតិលេខ៥ ដែលជាផ្លូវភ្លោះ ត្រូវបាននឹងកំពុងសាងសង់...។ល។ លោកអភិបាលខេត្ត​បានលើកឡើងថា «វារីអគ្គិសនីអាចដំណើរការទៅបាន ដោយសារយើងមានធនធានធម្មជាតិជាច្រើន (ព្រៃឈើ) ទើបបង្កើតបានជាទឹក ដូច្នេះហើយសូមបងប្អូនចូលរួមថែរក្សាព្រៃដែលនៅសេសសល់ ដើម្បីប្រយោជន៍រួម និងប្រយោជន៍ជាតិជាធំ»។ លោកអភិបាលខេត្ត បានជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការដោយគ្មានការលើកលែង ចំពោះជនទាំងឡាយណា ដែលបន្តការកាប់ទន្ទ្រានដីព្រៃ និងកោរភ្នំធ្វើជាកម្មសិទ្ធិ។

យោងតាមការចុះត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលើ ឃើញថាមានផ្ទះប្រជាពលរដ្ឋ ចំនួន០៧ខ្នងផ្ទះ បានតំាងទីលំនៅ និងអាស្រ័យផល លើដីក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង នៅចំណុចអូរកន្ធាយ ត្រង់និយាមការលេខ (០៣០៣៤៩-១៣២៩៥០៩) ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គ្រប់ភាគីពាក់ព័ន្ធ បានពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយរួម និងបានសម្រេចឲ្យរក្សាស្ថានភាពដើម នៃដីរបស់ប្រជាពរដ្ឋទាំង០៧គ្រួសារ តាមកិច្ចព្រមព្រៀងដែលបានធ្វើចាស់ពីមុនមក រវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងប្រជាពលរដ្ឋនៅទីនោះ។ ជាមួយគ្នានោះមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់ ពង្រីកផ្ទៃដីដាំដុះ និងសាងសងសំណង់បន្ថែមទៀតនោះទេ រងចាំការផ្ទៀងផ្ទាត់ និងភ្ជាន់ផែនទីថ្មី ទៅតាមឆ្នាំនីមួយៗ ធ្វើការដោះស្រាយនាពេលក្រោយ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានផ្តល់អង្ករ ជូនប្រជាពលរដ្ឋដែលចូលរួមទាំងអស់ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងបានចុះត្រួតពិនិត្យមើលទីតាំងកាប់ឆ្ការដីព្រៃធ្វើជាកម្មសិទ្ធិ នៅទីតាំងមួយចំនួន ក្នុយឃុំអូរសោម ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញឃ្វៀលមករក្សាទុក ដើម្បីស្រោចស្រង់ឡើងវិញផងដែរ៕