(ភ្នំពេញ)៖ ជនជាតិចិនមួយក្រុម បានបើករថយន្តបុកគេមិនព្រមឈប់ ហើយប្រឹកបើករត់មកបុកម៉ូតូកំពុងឈប់ស្តុបអូសជិត៥០០ម៉ែត្រ បណ្តាលឲ្យរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅចំណុចស្តុបផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកដែលឃើញ ហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយ គ្រឿងម៉ាក MAZDA BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8318 បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានអ្នករួមដំណើរ៣នាក់ទៀត បានធ្វើដំណើរចេញពីម្ដុំផ្សារទំនើបសូរិយា បានប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM 2008 មួយគ្រឿងបណ្ដាលឲ្យមានអ្នករងរបួស តែត្រូវរថយន្តសង្គ្រោះដឹកបញ្ជូន ទៅមន្ទីរពេទ្យភ្លាមៗ។

ចំណែកឯរថយន្តបង្កវិញមិនបានឈប់ដោះស្រាយទេ ថែមទាំងបើករត់រហូតដល់ស្តុបផ្សារដេប៉ូ រថយន្តខាងលើបានបួងចង្កូតជ្រុលឡើងឃឿន ទៅបុកម៉ូតូមួយគ្រឿង ម៉ាក NEX ពណ៌ស ដែលកំពុងឈប់រង់ចាំស្តុបពេញមួយទំហឹង បណ្ដាលឲ្យជាប់ក្រោមរថយន្តអូសជិត៥០០ម៉ែត្រ តែសំណាងល្អអ្នកបើកម៉ូតូលោតចុះទាន់រងរបួសស្រាល។

ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើន ដែលឃើញហេតុការណ៍ខាងលើ មានការខឹងសម្បារយ៉ាងខ្លាំងតែសំណាងល្អ សមត្ថកិច្ចចេញមកជួយអន្តរាគមន៍ទាន់ពេលវេលា និងឃាត់ជនជាតិចិនទាំងបួននាក់យកទៅប៉ុស្តិ៍ ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីយកទៅសួរនាំបន្តផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមករួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕