(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តយ៉ាងលឿន ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងដើមឈើលាន់ស្នូរដូចរន្ទះ បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៥៥ ខាងក្រោយX2 ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្រុងភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6037 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ៥៥ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងបន្តទៅបុកដើមឈើមួយដើម ពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយជំហៀងខាងស្តាំទៅមុខលែងរួច។

ភ្លាមៗនោះគេឃើញបុរសខាងលើ បានរត់ចេញពីរថយន្ដឡើងជិះរថយន្ដមួយគ្រឿងទៀត គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តខាងលើ ដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕