(ភ្នំពេញ)៖ គិតពីដើមខែមករា ដល់ចុងឆ្នាំ២០១៩ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្ដល់សេវាសុខភាពជូនអ្នកជំងឺ ជាង៤៧ម៉ឺននាក់ ដោយពិនិត្យពិគ្រោះជំងឺក្រៅសរុបចំនួន ៤២១,៦៦០ករណី, អ្នកជំងឺសម្រាកពេទ្យចំនួន៤៤,៦០០នាក់ និងវះកាត់ចំនួន ១៣,២៧៧ករណី។

តាមការបញ្ជាក់របស់នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងី ម៉េង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមកពិនិត្យព្យាបាលជាង៤៧ម៉ឺននាក់នេះ ក្នុងនោះ មានប្រជាពលរដ្ឋយើង ដែលប្រើនូវបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) ប្រមាណ ៧៦,៧១០នាក់។ ដោយពិនិត្យពិគ្រោះជំងឺក្រៅ ៦៣,២៥០ករណី សម្រាកព្យាបាលចំនួន ១០,៤០៦នាក់ និងវះកាត់ចំនួន ៣,០៥៤នាក់។

សម្រាប់ប្រើមូលនិធិសមធម៌សរុប ២១,៧១៤នាក់ ដោយពិគ្រោះជំងឺក្រៅចំនួន ១៦,៨៦៧ករណី សម្រាកព្យាបាលចំនួន ៣,៧៨៥ នាក់ និងវះកាត់ ១,០៦២ករណី។ អ្នកជំងឺលើកលែងបង់ថ្លៃសរុបប្រមាណ១៣,៧០៩នាក់ ពិនិត្យពិគ្រោះជំងឺក្រៅចំនួន ១២,៦៥១ករណី សម្រាកព្យាបាល ៧៩៣នាក់ និងវះកាត់ ២៦៥ករណី។

ចំពោះអ្នកជំងឺបង់ពេញថ្លៃ សរុបប្រមាណ ៣១៨,៦២៧នាក់ ពិនិត្យពិគ្រោះជំងឺក្រៅចំនួន ២៩០,៩៥១ករណី សម្រាកព្យាបាលចំនួន ២១,៣០៣នាក់ និងវះកាត់ចំនួន ៦,៣៧៣នាក់។
ចំណែកអ្នកជំងឺក្នុងគម្រោងធានារ៉ាប់រងសុខភាពសហគមន៍សរុបប្រមាណ ៤៨,៧៨៦នាក់ ដោយពិគ្រោះជំងឺក្រៅចំនួន ៣៧,៩៥០ករណី, សម្រាកពេទ្យចំនួន ៨,៣១៣នាក់ និងវះកាត់ ២,៥២៣ករណី។

នាយកមន្ទីរពេទ្យមិត្ដភាព-ខ្មែរសូវៀត បានថ្លែងបញ្ជាក់ថា ក្រុមគ្រូពេទ្យទាំងអស់ គឺតែងតែត្រៀមលក្ខណៈជានិច្ច ២៤ម៉ោងជាងរៀងរាល់ថ្ងៃ ដើម្បីផ្ដល់ជូនសេវាព្យាបាលជូនអ្នកជំងឺទាំងក្នុង និងក្រៅប្រទេស ខណៈដែលមន្ទីរពេទ្យមានគ្រែសម្រាក ចំនួន៦០០គ្រែ៕