(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ ឲ្យបានប្រសើរឡើង នៅលើបណ្តោយផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ ខាងត្រើយកើត ខណ្ឌច្បារអំពៅ មកផ្លូវជាតិលេខ២ និងផ្លូវតភ្ជាប់មួយចំនួនទៀត គឺចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់តាខ្មៅ (ស្ពានព្រែកសំរោង) រដ្ឋបាលរាជធានីភ្នំពេញ ជ្រើសរើស ២ទីតាំង ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលគម្រោងនេះ នឹងស្ថាបនាឡើងនៅពេលដ៏ខ្លីខាងមុខនេះ។

នេះបើតាមការបង្ហាញឲ្យដឹង ក្នុងកិច្ចប្រជុំមួយជាមួយក្រុមការងារ ចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅ (ស្ពានព្រែកសំរោង) គឺមានចន្លោះពីស្ថានព្រះមុនីវង្ស ទៅស្ថានទន្លេបាសាក់ តាខ្មៅមានប្រវែងប្រមាណ ៧៥៣៨ម៉ែត្រ មានបណ្តាញផ្លូវមេចំនួនពីរខ្សែ សណ្តូកតាមបណ្តោយទន្លេបាសាក់ ។

*ទី១៖ ផ្លូវលេខ៣៦៩ អមផ្នែកខាងកើតទន្លេ ដែលមានទទឹង ចន្លោះពី២០ ទៅ៣០ម៉ែត្រ។
*ទី២៖ ផ្លូវជាតិលេខ២ អមផ្នែកខាងលិចទន្លេ ដែលមានទទឹង ៣០ម៉ែត្រ ចាប់ពីស្ថានព្រះមុន្នីវង្ស ដល់រង្វង់មូល ព្រះនរាយណ៍ មានប្រវែងប្រមាណ៤២៨២ម៉ែត្រ បន្តឆ្លងកាត់ទីក្រុងតាខ្មៅ និងផ្លូវជាតិលេខ២១។

ក្នុងតំបន់នេះ ជាចរន្តដែលត្រូវធ្វើចរាចរណ៍ឆ្លងកាត់ ចូលមកផ្នែកកណ្តាលនៃរាជធានីភ្នំពេញ ដែលបណ្តាលឲ្យចរារណ៍កកស្ទះ ដោយសារកំណើនសេដ្ឋកិច្ចទីផ្សារ និងប្រជាពលរដ្ឋ ដូចនេះចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ ដោយសិក្សារកដំណោះស្រាយបញ្ហាការកកស្ទះ តាមរយៈការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងបណ្តាញផ្លូវមេសំខាន់ៗមួយចំនួន។

គម្រោងទី១៖ តភ្ជាប់ត្រង់ភូមិទួលរកា ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ស្ថាននេះ ចាប់បន្តពីមហាវិថីអ្នកឧញ៉ាមហា សប្បរសភោគាធិបតី ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ផ្លូវទទឹង៧ម៉ែត្រ ជាប់ខាងជើងវត្តចាក់អង្រែក្រោម ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០-៥០ម៉ែត្រ មានប្រវែងសរុបប្រមាណ៨៨៧ម៉ែត្រ។

គម្រោងទី២៖ តភ្ជាប់ត្រង់ភូមិទួលរកា ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ស្ថាបនាចាប់បន្តពីគម្រោងផ្លូវ ៥០-៦០ម៉ែត្រ មហាឧបាសក ហ៊ុន នាង ឆ្លងកាត់ផ្លូវជាតិលេខ២ ទន្លេបាសាក់ ផ្លូវលេខ៣៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ៥០-៦០ម៉ែត្រ ដែលមានប្រវែង៩០០ម៉ែត្រ។

លោក សារិន វណ្ណា បានគូសបញ្ជាក់ថា ប៉ុន្តែទោះបីជាយ៉ាងណាក្តី នេះគ្រាន់តែជាគម្រោង ដែលបាននិងកំពុងសិក្សានូវឡើយទេ មិនទាន់កំណត់ថា នឹងត្រូវសាងសង់នៅពេលណាឲ្យបានច្បាស់លាស់នោះទេ៕